ការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលានឹងបញ្ចប់នៅដំណាច់ខែកក្កដានេះ

(ភ្នំពេញ)៖ គិតរហូតមកដល់ពេលនេះដំណើរការជួសជុសស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា ក្នុងខេត្តសៀមរាប បានសម្រេចលទ្ធផលប្រមាណ៩០ភាគរយហើយ។នេះបើតាមការឱ្យដឹងពីសំណាក់អាជ្ញាធរជាតិអប្សរា ។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្រុមការងារជំនាញបានពង្រឹងគ្រឹះរួចរាល់នៅផ្នែកខាងជើង និងខាងត្បូង រៀបកម្រាលដេញពីលិចទៅកើត ដំឡើងបង្កាន់ដៃនាគ តួខ្លួននាគ ក្បាលនាគចំនួន៣ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង និងត្បូងជិតរួចរាល់ផងដែរ ។

ទាក់ទិនក្នុងរឿងនេះ អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា រយៈពេលជាង១៤ខែមកនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង ឱ្យរឹងមាំឡើងវិញ ។

អ្នកស្រី បឿត សុប៉ាក បញ្ជាក់ទៀតថា បច្ចុប្បន្ន ការជួសជុលនៅផ្នែកខាងជើងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាសម្រេចបានប្រមាណជាង ៩០ភាគរយ ដែលនៅសេសសល់ តែការងារខ្លះ ដូចជា ពង្រឹងគ្រឹះនៅផ្នែកខាងកើត ដំឡើងក្បាលនាគ១ទៀត និងកម្រាលនៅផ្នែកគល់ស្ពានខាងកើតប៉ុណ្ណោះ។

អ្នកស្រីថាកាលពីមិនទាន់ជួសជុល ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយខ្លួននាគបានរលុះធ្លាក់អស់ ផ្នែកខ្លះនៃគ្រឹះស្ពានបានស្រុត និងមានឬសឈើដុះចាក់ចូលបង្កឱ្យរងការខូចខាត។ បន្ថែមលើនេះ ដោយសារតែកត្តាអាយុកាលនៃសំណង់ ព្រមទាំងកត្តាធម្មជាតិបានធ្វើឱ្យរចនាសម្ពន្ធស្ពានហាលនេះមានសភាពទ្រុឌទ្រោមខ្លាំង។

គួរបញ្ជាក់ថា ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា ក្រោមមូលនិធិពិសេសរបស់គម្រោងមេគង្គ-ឡានឆាង តាំងពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ ។

ក្រុមអ្នកជួសជុលរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលស្ពានហាលនេះ នឹងមានសភាពរឹងមាំសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ។ បច្ចុប្បន្នស្ពានហាលនេះ មានភ្ញៀវទេសចរបានទៅទស្សនាបណ្តើរៗ ហើយនឹងបើកឱ្យទេសចរឆ្លងកាត់ផង ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner