ឯកឧត្តមហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ម៉ុម ជឹមហ៊ុយ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន ក្នុងនាមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូតំណាងស្ថាប័នទាំងបី ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានគណ:កម្មការទី៧ នៃព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់ស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌នៅក្នុងគ្រួសារ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបានបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី រហូតដល់បច្ឆិមវ័យ រួមចំណែកយ៉ាងសកម្មបំផុតក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម បានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិជាច្រើននីតិកាលនៃរដ្ឋសភា និងព្រឹទ្ធសភា ក្នុងវិស័យអប់រំ សិក្សាធិការ បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ព្រមទាំងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
យើងខ្ញុំសូមចងចាំនូវគំរូវីរភាព មនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម និងសូមចូលរួមរំលែកទុក្ខដោយក្តីអាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕





ដោយ ៖ ជាវ ចន្ធូ