រុស្ស៊ីចោទអ៊ុយក្រែនពន្យារពេលដោះដូរឈ្លើយសឹក

កៀវ ៖ រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានពន្យារពេលការដោះដូរឈ្លើយសឹក ដែលបានគ្រោងទុកកាលពីចុងសប្តាហ៍មុន ខណៈភាគីអ៊ុយក្រែនបានបដិសេធ ហើយបានជំរុញឱ្យរុស្ស៊ីបញ្ឈប់ហ្គេមដ៏គួរឲ្យស្អប់ខ្ពើម។

ការចោទប្រកាន់នេះកើតឡើងចំពេលភាគីជម្លោះទាំងពីរបង្កើនសកម្មភាពយោធា ដែលនាំឲ្យការព្រួយបារម្ភប៉ះពាល់ដល់កិច្ចចរចាសន្តិភាពជាថ្មី។

ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Vladimir Medinsky បានបង្ហោះសារលើតេលេក្រាមថា អ៊ុយក្រែនបានពន្យារពេលការដោះដូរឈ្លើយសឹកដែលបានគ្រោងទុក និងការប្រគល់សាកសពទាហានដែលបានស្លាប់ក្នុងសង្គ្រាម។

លោក Medinsky បន្ថែមថា រុស្ស៊ីបានប្រគល់បញ្ជីឈ្មោះឈ្លើយសឹកចំនួន ៦៤០នាក់ដំបូងទៅកាន់អ៊ុយក្រែន ហើយបានចាប់ផ្តើមផ្ទេរសាកសពទាហានអ៊ុយក្រែនដែលបានស្លាប់ ប៉ុន្តែអ្នកចរចាអ៊ុយក្រែនមិនបានមកកាន់ទីតាំងដោះដូរទេ។

ចំណែកភាគីអ៊ុយក្រែនបាននិយាយថា សេចក្តីថ្លែងការណ៍របស់រុស្ស៊ី មិនទាក់ទងនឹងការពិត ឬកិច្ចព្រមព្រៀងពីមុនស្តីពីការដោះដូរឈ្លើយសឹក ឬការធ្វើមាតុភូមិនិវត្តន៍សាកសពទាហានឡើយ។

ក្នុងអំឡុងពេលនៃកិច្ចចរចាចុងក្រោយនៅទីក្រុងអ៊ីស្តង់ប៊ុល ភាគីទាំងពីរបានយល់ព្រមដោះដូរឈ្លើយសឹក ដែលមានជំងឺធ្ងន់ធ្ងរ និងរងរបួស ក៏ដូចជាទាហានមានអាយុក្រោម ២៥ឆ្នាំ។

ការដោះដូរនេះ ត្រូវបានរំពឹងថា នឹងមានឈ្លើយសឹករហូតដល់ ១.២០០នាក់រៀងៗខ្លួន ដែលនេះជាការដោះដូរឈ្លើយសឹកធំបំផុត ចាប់តាំងពីសង្គ្រាមផ្ទុះឡើង៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner