សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ៖ កម្ពុជា-គុយបា ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីផលប្រយោជន៍ពលរដ្ឋទាំងសងខាង

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ជំនួបពិភាក្សានេះ បានលើកឡើងពីទំនាក់ទំងដ៏ល្អរវាងកម្ពុជានិងគុយបា ដែលមកពេលនេះ ឈានដល់ខួបទី៦៥ឆ្នាំ ដោយឈរលើចំណងមិត្តភាពស្មោះត្រង់ និងការជឿជាក់គ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍ ជាច្រើនដល់ប្រទេសទាំងពីរ និងសកលលោកផងដែរ។

នៅក្នុងបរិបទដែលស្ថានការណ៍សកលលោកមានការប្រែប្រួលមិនទៀង ជម្លោះភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច គួបផ្សំនិងការកើតឡើងនូវបញ្ហាសន្តិសុខមិនប្រពៃណី មានការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាតជាដើមនោះ ទាមទារឱ្យប្រទេសទាំងពីរពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀត ដើម្បីកាត់បន្ថយហានិភ័យ ជូនពលរដ្ឋ កសាងសុខសន្តិភាព ស្ថិរភាពសង្គម ប្រកបដោយសមធម៌និងបរិយាប័ន្ន។

នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរក៏បានលើកឡើងពីការជំរុញ ការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ រវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។

សម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យនានា ដែលលោកជំទាវ ឯកអគ្គរដ្ឋទូត និងសហការី ក៏ដូចជាឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជាមុនៗ សម្រេចបាន គឺបានរួមវិភាគទានដ៏មានតម្លៃដល់ចំណងទាក់ទង និងមិត្ដភាពជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ ដែលមានរយៈពេល ៦៥ ឆ្នាំ មកនេះ កាន់តែមានភាពរឹងមាំ បន្តលូតលាស់ ស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ។

សម្តេចបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋនៃប្រទេសទាំងពីរបានបន្ដថែរក្សា ពូនជ្រំ មរតកនៃទំនាក់ទំនងដ៏ល្អនេះ តាំងពីថ្នាក់ដឹកនាំជំនាន់មុន រហូតដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗទៀត ទាំងក្នុងក្របខណ្ឌសភា រដ្ឋាភិបាល និងបក្ស ថែមទៀតផង។ ថ្នាក់ដឹកនាំជំនាន់ថ្មីនៅកម្ពុជា នៅតែប្តេជ្ញាបន្តប្រកាន់ខ្ជាប់នូវទស្សនវិស័យ ក្នុងការបន្ដកិច្ចសហប្រតិបត្ដិការល្អ និងទំនាក់ទំនងជាប្រវត្ដិសាស្រ្ដនេះ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានាសំដៅរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។

លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹកទទួលជួបពិភាក្សាការងារជាមួយលោកជំទាវនាឱកាសនេះ។ លោកជំទាវឯកអគ្គរដ្ឋទូតបានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។ គុយបា ក៏បានអរគុណដល់កម្ពុជា ដែលបានប្រឆាំងការហ៊ុព័ទ្ធសេដ្ឋកិច្ចលើប្រទេសគុយបា កន្លងមក។

លោកជំទាវ បានជម្រាបពីលទ្ធផលជោគជ័យជាច្រើន ដែលសម្រេចបាននៅក្នុងបេសកកម្មការទូតរបស់លោកជំទាវ នៅកម្ពុជា នៅក្នុងរយៈពេល ១ឆ្នាំមកនេះ ពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការជាច្រើន រវាងប្រទេសទាំងពីរ មានទំាងខាងរដ្ឋសភា វិស័យអប់រំ កសិកម្ម និងសុខាភិបាលជាដើម។

លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា បានថែ្លងការកោតសរសើរ សភាកម្ពុជា រៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ប្រកបដោយជោគជ័យ ទទួលបានផ្លែផ្កាជាទីមោទនសម្រាប់ពលរដ្ឋជាសកលគឺការសម្រេចបាននូវធម្មនុញ្ញសន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី” ដែលជាការផ្តួចផ្តើម ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ គណៈប្រតិភូសភារបស់ប្រទេសគុយបាបានចូលរួមកិច្ចប្រជុំ IPTP និងបានចុះហត្ថលេខាគាំទ្រ ធម្មនុញ្ញសន្តិភាពសកលនោះដែរ ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ads banner