អ៊ុយក្រែនបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីតម្លៃខ្ទង់ ៨៥លានដុល្លារ

កៀវ ៖ កងទ័ពអាកាសអ៊ុយក្រែនបានប្រកាសអះអាងពីជោគជ័យ ក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំង Su-35 របស់រុស្ស៊ី ដែលមានតម្លៃខ្ទង់ ៨៥លានដុល្លារ នៅតំបន់ Kursk Oblast កាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន នេះបើតាមប្រភពពីសារព័ត៌មាន kyiv independent។

ទោះបីជាគ្មានព័ត៌មានលម្អិតក៏ដោយ រាប់បញ្ចូលទាំងការបាញ់ទម្លាក់យន្តហោះចម្បាំងចុងក្រោយនេះ នាំឱ្យចំនួនយន្តហោះចម្បាំងរុស្ស៊ីសរុប ដែលអ៊ុយក្រែនបានបាញ់ទម្លាក់កើនដល់ ៤១៤គ្រឿង នេះបើយោងតាមអគ្គសេនាធិការរបស់ប្រទេសអ៊ុយក្រែន។

អ៊ុយក្រែនបានចាប់ផ្តើមការលុកលុយឆ្លងព្រំដែនចូលទៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ក្នុងខែសីហា ឆ្នាំ២០២៤ ដែលនេះជាការលុកលុយទ្រង់ទ្រាយធំលើកដំបូងនៅលើទឹកដីរុស្ស៊ី ដោយកងកម្លាំងបរទេសចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

ការបាត់បង់យន្តហោះចម្បាំង Su-35 នេះ បានកើតឡើងបន្ទាប់ពីទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន ហៅកាត់ SBU បានបើកការវាយប្រហារដោយយន្តហោះដ្រូនដ៏ធំមួយលើយន្តហោះយោធារុស្ស៊ីជាង ៤០គ្រឿង កាលពីសប្តាហ៍មុន ធ្វើឲ្យខូចខាតយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 និង Tu-22 រាប់សិបគ្រឿង ដែលរុស្ស៊ីប្រើដើម្បីបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយនៅអ៊ុយក្រែន។ បើតាមទីភ្នាក់ងារ SBU ការវាយប្រហារនេះ ទំនងជាធ្វើឱ្យរុស្ស៊ីខាតបង់លុយអស់ ៧ពាន់លានដុល្លារឯណោះ៕

ប្រភព ៖ kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner