ពិព័រណ៍អប់រំនៃសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៨ និងវេទិកាស្រាវជ្រាវ លើកទី២ ត្រូវបានរៀបចំធ្វើដោយជោគជ័យ ក្នុងចំណោម ដៃគូចំនួន ៣០ មកពី ១៤ប្រទេសជុំវិញពិភពលោក
ភ្នំពេញ៖ ដៃគូចំនួន៣០ មកពី១៤ប្រទេសជុំវិញពិភពលោក ត្រូវប្រារព្ធធ្វើដោយជោគជ័យ ក្រោមការរៀបចំដោយ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការរៀបចំនេះ មានការតាំងពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៨ ឆ្នាំ២០២៥-The 8th BICC – Education Fairs 2025 ស្តីពី “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេស-The Scholarship Opportunities and Preparation for Overseas Study Life” និងវេទិកាស្រាវជ្រាវ លើកទី២ ឆ្នាំ២០២៥-The 2nd BICC - Research Forum 2025 ស្តីពី“តួនាទីរបស់គ្រឹះស្ថានឧត្តមសិក្សាក្នុងការលើកកម្ពស់ការសិក្សាពេញមួយជីវិត-Roles of Higher Education Institutions in Promoting Lifelong Learning” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង
ស្ថាបនិក-អគ្គនាយកប៊ែលធីគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចាប់ពីថ្ងៃទី០៧ ដល់ទី០៨ ខែមិថុនាឆ្នាំ២០២៥។ បណ្តាប្រទេសចូលរួមមាន៖ (កម្ពុជា អូស្ត្រាលី កាណាដា ចិន ជប៉ុន កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ប៉ូឡូញ សិង្ហបុរី ស្វីស ថៃ អង់គ្លេស និងសហរដ្ឋអាម៉េរិក) ជូនសិស្ស-និស្សិតប៊ែលធី និងអ្នកអាណាព្យាបាល សរុបជាង ៥,០០០នាក់។
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប្រាប់ថា BICC គឺមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូនៅឯក្រៅប្រទេសដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជាឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ដែលផ្តោតលើ ៧ចំណុចសំខាន់ៗ៖
១- ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក
២- បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស
៣- ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី
៤- បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម
៥- ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន
៦- ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស
៧- ចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។
ឯកឧត្តម បន្ថែមថា ដើម្បីមានគុណភាព លើការសិក្សាស្រាវជ្រាវ និងស្តង់ដារដែលមានការទទួលស្គាល់ជាអន្តរជាតិ សាកលវិទ្យាល័យក៏បានរៀបចំ “វេទិកាស្រាវជ្រាវ លើកទី”២” ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញ និងកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ និងស្នាដៃសិក្សាស្រាវជ្រាវពីវាគ្មិនជាតិ-អន្តរជាតិជាច្រើនរូប។
នៅក្នុងពិធីបិទសន្និសីទនេះ ក៏មានការចែករំលែកបទពិសោធន៍អំពីជីវិតសិក្សានៅក្រៅប្រទេសរបស់អតីតសិស្សនិទ្ទេស-A ជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង គឺកញ្ញា ទេព មល្លិកា ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបាងកក នៃព្រះរាជាណាចក្រថៃ លើជំនាញយុទ្ធសាស្ត្រទំនាក់ទំនង និងផ្នត់គំនិត ផងដែរ។
ឯកឧត្តមបណ្ឌិត លី ឆេង បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ជាពិសេសភាពលេចធ្លោនៃកិត្តិនាមនៅលើឆាកអន្តរជាតិរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាច្រើនរូបទៀតដែលមានចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់ ដែលនឹងបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅសម្រេចទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណគ្រឹះស្ថានសិក្សាទាំង៣០ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សារបស់សាកលវិទ្យាល័យខ្លួនជូនដល់សិស្ស-និស្សិតកម្ពុជា។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា សន្និសីទ BICC បានរួមចំណែកយ៉ាងធំធេងក្នុងការ បង្កើនមូលធនមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជាក្នុងសម័យឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់វិស័យអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។
ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តដល់សាកលវិទ្យាល័យដៃគូទាំងអស់ បន្តចូលរួមសន្និសីទ BICC លើកទី៩ និងវេទិកាស្រាវជ្រាវ លើកទី៣ ឆ្នាំ២០២៦ ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំទាំងថ្នាក់ជាតិ-អន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាឱ្យបានកាន់តែប្រសើរបន្ថែមទៀត៕
























