អ្នកនាំពាក្យក្រសួងការពារជាតិ​ អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋទាំងអស់កុំជឿលើការឃោសនាបោកបញ្ឆោត និងសូមកុំចែកចាយព័ត៌មានទាំងឡាយដែលប៉ះពាល់ដល់កងទ័ព

អ្នកនាំពាក្យក្រសួងការពារជាតិ​ នាយឧត្តមសេនីយ៍​ ឈុំ​ សុជាតិ បានឱ្យដឹងថា​ នាថ្មីៗនេះ មានការក្លែងធ្វើជាទាហានជួរមុខ ដោយបុគ្គលឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ហើយបានផលិតវីដេអូបង្ហោះតាមគណនី TikTok ឈ្មោះ “Amy Richard310” និងហ្វេសប៊ុកឈ្មោះ “Piseth PG EM” ដើម្បីញុះញង់បំបាក់ទឹកចិត្តកងទ័ព ធ្វើឱ្យសាធារណជនជាច្រើនមានការយល់ច្រឡំ។

អ្នកនាំពាក្យក្រសួងការពារជាតិ​ បានបន្តថា​ ជាក់ស្តែងបុគ្គលឈ្មោះ អែម ពិសិដ្ឋ នេះ មិនមែនជាយោធិននោះទេ។ រូបគេគឺជាសកម្មជនក្រុមប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកប្រចាំប្រទេសថៃ ហើយមានស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

អ្នកនាំពាក្យបញ្ជាក់ថា​ ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានារបស់បុគ្គលនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ព គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវតែមានវិធានការ មិនអាចលើកលែងបាន​ ជាពិសេសក្នុងពេលដែលកងទ័ពកម្ពុជាកំពុងប្រឈមមុខនឹងកងទ័ពថៃ នៅចំណុចព្រំដែនរវាងប្រទេសទាំងពីរ។ ខ្ញុំសូមស្នើឱ្យក្រសួងមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់លើជននេះ ឱ្យបានម៉ឺងម៉ាត់បំផុត។

ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងការពារជាតិ​ អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនាបោកបញ្ឆោត ដូចករណីខាងលើនេះ និងសូមមានការប្រុងប្រយ័ត្ន កុំចែកចាយព័ត៌មានទាំងឡាយដែលប៉ះពាល់ដល់កងទ័ព និងសូមតាមដានព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន៕
ដោយ៖ពលជ័យ

ads banner