រាជរដ្ឋភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការរៀបចំឯកសារ ប្តឹងទៅតុលាការ ICJ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន មាណែត ប្រមុខរាជរដ្ឋភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាកបី ។
យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ៖ ប្រការ១ . សម្រេច ត្រូវបានបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលមានសមាសភាពដូចខាងក្រោម៖
១- ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន ។
២- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាអនុប្រធាន។
៣- ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធាន។
៤- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអនុប្រធាន។
៥- ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាអនុប្រធាន និងសមាជិកចំនួន ៩រូបទៀត ។
គណៈកម្មការនេះ មានភារកិច្ច ពិនិត្យ និងសម្រេចជ្រើសរើសមេធាវីអន្តរជាតិការពារក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមសំណើរបស់ក្រុមការងារកិច្ចការច្បាប់ – ពិនិត្យនិងសម្រេចលើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ជាមួយមេធាវីអន្តរជាតិ សម្រាប់បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ ពិនិត្យនិងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការការទូតតាមការចាំបាច់, ធ្វើទំនាក់ទំនងការងារជាមួយតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការប្តឹងទៅតុលាការ យុត្តិធម៌អន្តរជាតិ, ធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យប្ដឹង រហូតដល់ការបញ្ចប់នីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ, រាយការណ៍អំពីលទ្ធផលការងារ និងស្នើសុំការណែនាំតាមការចាំបាច់ពីប្រមុខរាជរដ្ឋាភិបាល និងអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល ៕
ដោយ ៖ វណ្ណលុក








