អតីតនាយករដ្ឋមន្ត្រីថៃទី១៩ លោក Suchinda ទទួលមរណភាពក្នុងវ័យ ៩១ឆ្នាំ

បាងកក ៖ អតីតនាយករដ្ឋមន្ត្រីទី១៩ របស់ប្រទេសថៃ លោក Suchinda Kraprayoon បានទទួលមរណភាពក្នុងវ័យ ៩១ឆ្នាំ ដោយសារជរាពាធ នៅវេលាម៉ោង១និង៥៧នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនានេះ នៅមន្ទីរពេទ្យ Phramongkutklao នៅទីក្រុងបាងកក។

យោងតាមការចេញផ្សាយដោយកាសែតបាងកកប៉ុស្តិ៍បានឱ្យដឹងថា លោក Suchinda ត្រូវបានគ្រប់គ្នាចងចាំ សម្រាប់តួនាទីរបស់លោកអំឡុងពេលការបះបោរខែឧសភា ឆ្នាំ១៩៩២ នៅពេលដែលការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកបានបណ្តាលឱ្យសិស្សជាង ៥០នាក់ស្លាប់ ព្រមទាំងរបួស និងបាត់ខ្លួនរាប់រយនាក់ផងដែរ។

ព្រឹត្តិការណ៍នៅពេលនោះ ត្រូវបានហៅថា ការបះបោរ «
“Black May” ដែលបាននាំទៅដល់ការលាលែងពីតំណែងរបស់លោក Suchinda នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩២ ពោលគឺលោកកាន់តំណែងបានត្រឹមតែ ៤៨ថ្ងៃគត់។

ក្រោយចុះចេញពីតំណែង អតីតនាយករដ្ឋមន្ត្រីថៃរូបនេះមិនសូវបង្ហាញវត្តមានជាសាធារណៈនោះទេ បើទោះបីជាលោកនៅតែជាអ្នកចាស់ទុំទទួលបានការគោរពក្នុងរង្វង់យោធាយ៉ាងណាក៏ដោយ។

កើតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៣៣ លោក Suchinda គឺជាឥស្សរជនដ៏សំខាន់មួយរូបនៅក្នុងប្រវត្តិសាស្ត្រថៃ ជាពិសេសក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ លោកបានដឹកនាំការធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី លោក Chatichai Choonhavan ក្នុងខែកុម្ភៈ ឆ្នាំ១៩៩១ ហើយក្រោយមកលោកបានក្លាយជានាយករដ្ឋមន្ត្រីថៃទី១៩ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៩២។

លោកក៏ជាសមាជិកនៃក្រុមប្រឹក្សារក្សាសន្តិភាពជាតិ ដែលរបបយោធាបានបង្កើត បន្ទាប់ពីរដ្ឋប្រហារផងដែរ៕
ប្រភព ៖ បាងកកប៉ុស្តិ៍ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner