ប៉ូឡូញ និងកូរ៉េខាងត្បូងគ្រោងចុះកុងត្រាទិញរថក្រោះចម្បាំង ចំពេលសង្គ្រាមរុស្សីអ៊ុយក្រែនកាន់តានតឹង

សេអ៊ូល ៖ ប៉ូឡូញ និងកូរ៉េខាងត្បូងជិតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃខ្ទង់ ៦ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់រថក្រោះចម្បាំងប្រភេទ K2 ចំនួន ១៨០គ្រឿងដល់ប៉ូឡូញ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់ប្រភពឧស្សាហកម្មអនាមិកថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ នឹងប្រព្រឹត្តទៅនៅចុងខែមិថុនានេះនៅក្នុងប្រទេសប៉ូឡូញ។

យោងតាមកិច្ចសន្យានោះ ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Rotem ដែលមានជំនាញក្នុងកិច្ចសន្យាឧស្សាហកម្ម និងការពារជាតិ នឹងផលិតរថក្រោះចម្បាំងចំនួន ១១៧គ្រឿង ហើយនៅសល់ ៦៣គ្រឿងទៀត ក្រុមហ៊ុន Polish Armaments Group ដែលគ្រប់គ្រងដោយរដ្ឋប៉ូឡូញគឺជាអ្នកផលិត។

កាលពីឆ្នាំ២០២២ ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងទិញលក់សព្វាវុធដ៏ធំបំផុតមិនធ្លាប់មានសម្រាប់កូរ៉េខាងត្បូង ដែលមានតម្លៃ ១៣,៧ពាន់លានដុល្លារ រួមមានការផ្គត់ផ្គង់រថក្រោះចម្បាំង K2 គ្រាប់រ៉ុកែ្តត និងយន្តហោះចម្បាំងទៅឱ្យប៉ូឡូញ។

ផ្អែកតាមសារព័ត៌មាន Yonhap កិច្ចសន្យាផ្គត់ផ្គង់រថក្រោះចម្បាំង K2 ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងទូលំទូលាយក្នុងឆ្នាំ២០២២នោះ ត្រូវបានរំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំមុន ប៉ុន្តែហាក់ដូចជាត្រូវពន្យារពេល មួយផ្នែកដោយសារតែវិបត្តិនយោបាយរបស់កូរ៉េខាងត្បូង ទាក់ទិនច្បាប់អាជ្ញាសឹក។

ចំនុចពិសេសនៃរថក្រោះចម្បាំង K2 របស់កូរ៉េខាងត្បូង មានដូចជាមានទម្ងន់ប្រហែល ៥៦តោន ជាមួយនឹងល្បឿនអតិបរមា ៧០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចធ្វើដំណើរបានក្នុងចម្ងាយ ៤៥០គីឡូម៉ែត្រ។

វាមានកាណុងកាំភ្លើងប្រវែង ១.២ម៉ែត្រ អាចផ្ទុកគ្រាប់បានចំនួន ៤០គ្រាប់ ជារថក្រោះមានឥទ្ធិពលជាងគេនៅអាស៊ី សូម្បីចិន និងកូរ៉េខាងជើងក៏មិនទាន់អាចផលិតរថក្រោះណាខ្លាំងជាងនេះទៀតដែរ។

អ្វីដែលពិសេសសម្រាប់រថក្រោះចម្បាំង K2 នោះគឺវាមានប្រព័ន្ធសុវត្ថិភាពអាចបញ្ចៀសការបាញ់ពីសត្រូវខាងក្រៅបាន ហើយត្រឹមយន្តហោះចម្បាំងខ្នាតតូចល្មមៗវាក៏អាចបាញ់ធ្លាក់ផងដែរ នេះបើយោងតាមប្រភពពីគេហទំព័រ hyundai-rotem៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner