UNប្រឆាំងការពង្រាយទ័ពបង្ក្រាបនៅអាមេរិក
បរទេស ៖ អង្គការសហប្រជាជាតិ ហៅកាត់ UN បានព្រមានប្រឆាំងនឹង «ការបង្កើនចំនួនយោធា បន្ថែមទៀត» បង្ក្រាប អំឡុងភាពចលាចល នៅក្នុងទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក។
ការព្រមាននេះ បានធ្វើឡើង ក្រោយពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រមូលទាហានឆ្មាំជាតិ ប្រឆាំងនឹងការតវ៉ាដ៏ហិង្សា ជាច្រើនថ្ងៃ ជុំវិញគោលនយោបាយនិរទេស ជនចំណាកស្រុក របស់លោក។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Farhan Haq មានប្រសាសន៍កាលពីថ្ងៃចន្ទថា «យើងមិនចង់ឃើញ ការមានយោធាបន្ថែមទៀត ក្នុងស្ថានភាពនេះ ហើយយើងលើកទឹកចិត្តឱ្យភាគី នៅថ្នាក់មូលដ្ឋាន ថ្នាក់រដ្ឋ និងសហព័ន្ធធ្វើការដោះស្រាយ លើរឿងនេះ បែបវិធីផ្សេង»។
គួរកត់សម្គាល់ថា កាលពីថ្ងៃសៅរ៍ មានការប៉ះទង្គិច រវាងមន្ត្រីអនុវច្បាប់ជាមួយហ្វូងមនុស្ស ដែលមានកំហឹង ចំពោះការវាយឆ្មក់លើជនចំណាកស្រុក ដែលគ្មានឯកសារ។ ឧស្ម័នបង្ហូរទឹកភ្នែក និង គ្រឿងផ្ទុះ ត្រូវបានប្រើប្រាស់ ក្នុងពេលមានការអន្តរាគមន៍ ពីសំណាក់កងទ័ព។
លោក Trump បានអះអាងចុងក្រោយនេះថា អាចនឹងបន្ថែមចំនួនទ័ព បង្ក្រាប ដោយលោកប្តេជ្ញាបណ្តេញជនអន្តោប្រវេសន៍ គ្មានឯកសារ តាំងពីថ្ងៃស្បថចូលកាន់តំណែង កាលពីខែមករា មកម្ល៉េះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត