កម្មវិធីសហគ្រិនមហាវិទ្យាល័យ សាកលវិទ្យាល័យជាតិបាត់ដំបង រដូវកាលទី៣ ត្រូវបានសម្ពោធ

បាត់ដំបង៖សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិ​បាត់​ដំបងបានរៀបចំសម្ពោធកម្មវិធីសហគ្រិន​មហា​វិទ្យាល័យ សាកល​​វិទ្យាល័យជាតិបាត់ដំបងរដូវកាលទី ៣ (NUBB UniPreneur’s Business Model Competition Season ៣)ដោយមានការចូលរួមពីសហគ្រិននិស្សិត​ប្រមាណ​១០០នាក់ និងម្ចាស់អាជីវកម្មចំនួន១០ដែលមកពី​​ក្រុងបាត់ដំបង ។

កម្មវិធីដែលបានប្រារព្ធក្នុងសប្ដាហ៍នេះក៏មានការចូលរួមពីតំណាងសហគ្រិនខ្មែរ លោក ពក បញ្ញាពេជ្រ អ្នកឯកទេស​ជាន់ខ្ពស់​អភិវឌ្ឍ​សហគ្រិនភាព និងនវានុវត្តន៍ លោក ទេព នាវា សាកល​វិទ្យា​ធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងគណៈ​គ្រប់គ្រង សាស្ត្រាចារ្យ និស្សិត និងភ្ញៀវកិត្តិយសជាច្រើននាក់។

លោក ទេព នាវា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិ​បាត់ដំបងបានបញ្ជាក់ថា កម្មវិធីនេះ គឺជាផ្នែកមួយរបស់​កម្មវិធី​សហគ្រិនមហាវិទ្យាល័យ(UniPreneur)ដែលបង្កើតឡើងក្នុងគោលបំណង​លើក​កម្ពស់នវានុវត្តភាព និងសហគ្រិន​ភាពទៅ​កាន់និស្សិត ដោយប្រែក្លាយគំនិតច្នៃ​ប្រឌិតរបស់និស្សិតឱ្យក្លាយ​ទៅ​ជា​ផលិតផល ឬ សេវាកម្ម ដែលអាចដោះ​ស្រាយបញ្ហា​ប្រឈម​ប្រចាំថ្ងៃរបស់ប្រជាជន វិស័យសាធារណៈ និង វិស័យ​ឯកជន។ លោកបានបន្ថែមថា ” សាកលវិទ្យា​ល័យជាតិបាត់ដំបង មិនត្រឹមតែផ្តោតទៅលើការបង្រៀន និងការស្រាវជ្រាវប៉ុណ្ណោះទេ សាកលវិទ្យាល័យ ក៏មានបេសកកម្ម​តម្រង់​ទិសអភិវឌ្ឍន៍ សមត្ថភាពស្រាវជ្រាវ ដោយផ្សារភ្ជាប់ជាមួយឧស្សាហកម្ម ដើម្បីចូលរួមចំណែកក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចនៅក្នងភូមិភាគ​ពាយ័ព្យនៃប្រទេសកម្ពុជា។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយកប្រតិបត្ដិ នៃ សហគ្រិនខ្មែរ បានថ្លែងថា កម្មវិធីថ្ងៃនេះយុវសិស្សមានឱកាស បង្កើតនវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិត​ច្នៃ​ប្រឌិតថ្ងៃ​ក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋា​ភិបាល​​​កម្ពុជា ។

ថ្លែងបើកសម្ពោធឱ្យដំណើរការកម្មវិធីសហគ្រិនមហាវិទ្យាល័យ សាកលវិទ្យាល័យជាតិបាត់ដំបង រដូវកាលទី៣នេះដែរ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានផ្តាំផ្ញើដល់កម្មវិធីទាំងមូលថា ” ដើម្បី​អភិវឌ្ឍសហគ្រាសពី​ធុនតូចទៅជាធុនមធ្យមនិងពីធុនមធ្យមទៅជាធុនធំនិងចុងក្រោយក្លាយជាក្រុមហ៊ុនអន្តរជាតិ…សហគ្រាសត្រូវការធាតុបីសំខាន់គឺ “ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិនភាព។សហគ្រិនមហា​វិទ្យាល័យ សាកលវិទ្យាល័យ​ជាតិបាត់ដំបង អាចជួយពង្រឹងនូវ​សមត្ថភាពសហគ្រិនភាពនិងសមត្ថភាពបច្ចេកវិទ្យាបន្ថែមលើ​ហិរញ្ញវត្ថុ ដើម្បីជួយសម្រេចបេសកកម្មនៃការពង្រីកខ្លួនរបស់​សហគ្រាសដើម្បីបង្កើតការងារដែលមានផលិតភាពក្នុងចំនួនច្រើន។

តាមការបញ្ជាក់របស់លោក ទេព នាវា សាកលវិទ្យាធិការរងនៃ​សាកលវិទ្យាល័យជាតិបាត់ដំបង បានឱ្យ​ដឹងបន្ថែមថា​កម្មវិធី​ប្រកួតប្រជែងគំរូអាជីវកម្មនេះ បាននាំក្រុមនិស្សិតប្រមាណ ២០ក្រុម ឬ១០០នាក់ ដែលមានសមត្ថភាពធ្វើបទ​បង្ហាញនូវ​គំនិតធុរកិច្ចថ្មី ដល់ក្រុមគណៈកម្មការ ដែលជាសហគ្រិនមាន​បទពិសោធន៍ និងជាអ្នកដឹកនាំ ក្នុងវិស័យនវានុវត្តន៍​ជាច្រើនរូប។ក្រុមនិស្សិតឆ្នើមដែលជាប់ជ័យលាភី នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នឹងមានឱកាសក្លាយជាក្រុមជម្រើស​ចូលរួមក្នុង​កម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មីជាមួយក្រុមធំ ដែលមានសាកល​វិទ្យល័យ ប្រមាណ៥០មកពីទូទាំងប្រទេសកម្ពុជា ដូចជា កម្មវិធី​UnipreneurCamp, UnipreneurSprint។ចំណែកឯ​ក្រុមក្រុមនិស្សិតឆ្នើម ដែលជាប់ជ័យលាភី ក្នុងវគ្គផ្តាច់​ព្រ័ត្រនឹង​មាន​ឱកាសបន្ត ក្នុងការប្រកួតថ្នាក់ជាតិ (Unipre​neur National Challenge )។

លោកបានបន្តថា ព័ត៌មានបន្ថែមពីកម្មវិធីប្រកួតប្រជែង​គំរូអាជីវកម្ម របស់ សហគ្រិនមហាវិទ្យាល័យ សាកលវិទ្យា
ល័យ​ជាតិបាត់ដំបងអាចទំនាក់ទំនង លោក ពក បញ្ញាពេជ្រ តាមលេខទូរស័ព្ទ ០៨៩ ៩៥៩ ៨៧១ ឬ បណ្ឌិត ថាច់ ប៊ុនរឿន តាមលេខទូរសព្ទ ០១២ ៥២៦ ២០៣ ដើម្បីទទួលបានព័ត៌​មានកាន់តែច្បាស់លម្អិតថែមទៀត៕
អត្ថបទ-រូបភាព÷ អ៊ុក សំអាន ប.ប

ads banner