មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងក្រសួងពាក់ព័ន្ធអញ្ជើញពិនិត្យវាយតម្លៃលើការងារថែទាំប្រចាំផ្លូវកៅស៊ូ និងផ្លូវល្បាយក្រួស ចំនួន​៥ខ្សែ​នៅ​ខេត្តបាត់ដំបង

បាត់ដំបង៖ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍​ជនបទនិងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម និង​តំណាង​ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ក្រុមការងារអន្តរក្រសួង មន្ត្រីពាក់​ព័ន្ធ​កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បាន​អញ្ជើញ​ត្រួត​ពិនិត្យ​វាយតម្លៃលើការងារថែទាំប្រចាំនូវផ្លូវកៅស៊ូ,ផ្លូវល្បាយក្រួស និងផ្លូវល្បាយថ្មចំនួន ៥ខ្សែ និងប្រវែង​សរុបជាង ៧៨ គីឡូម៉ែត្រ​ក្នុង​ភូមិសាស្ត្រ ស្រុក ក្រុង មួយចំនួននៃខេត្តបាត់ដំបង។

ផ្លូវទាំង៥ខ្សែនេះអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងក្នុងនោះមាន៖ ផ្លូវក្រាលកៅស៊ូនៅឃុំស្ដៅ ស្រុករតន​មណ្ឌល​ប្រវែង ២៩.២០០ម៉ែត្រ,ផ្លូវនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង និងឃុំឈើទាល ស្រុកបាណន់ ប្រវែង ៦.៤០០​ម៉ែត្រ។ដោយ​ឡែកផ្លូវល្បាយក្រួសនិងផ្លូវល្បាយកម្ទេចថ្មចំនួន៣ខ្សែ ប្រវែង ៤៣ ១០០ម៉ែត្រ ស្ថិតនៅ​ឃុំកំរៀង​ស្រុកកំរៀង ឃុំស្ដៅ ស្រុករតនមណ្ឌល និងឃុំសំពៅលូន ស្រុកសំពៅលូន ។

ក្នុងឱកាសត្រួតពិនិត្យ ឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការជា​តំណាង​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន​វាយ​តម្លៃ​ខ្ពស់និងកោតសរសើរដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដែលបានបំពេញកាតព្វកិច្ចក្នុងការងារអនុវត្ត​គម្រោង​ខាងលើ​ដោយ​ការទទួលខុសត្រូវខ្ពស់ និងធ្វើឱ្យសម្រេចបាននូវលទ្ធផល​ល្អប្រសើរទទួលយកបាន។ ឯកឧត្តម​រដ្ឋលេខា​ធិការ ក៏បានណែ​នាំមន្ត្រីអនុវត្តគម្រោងផ្ទាល់ និងថ្នាក់ដឹកនាំមន្ទីរបន្តយកចិត្ត​ទុក​ដាក់បន្ថែមក្នុងការចុះត្រួតពិនិត្យមើលផ្លូវ និងថែទាំឱ្យបានជាប់​ជាប្រចាំ ពិសេសផ្លូវនៅតាមជនបទក្នុងរដូវវស្សា ធ្វើយ៉ាងណា​ជួយ​សម្រួល​ដល់ការធ្វើដំណើរ​របស់ប្រជាពលរដ្ឋ​រួមជាមួយ​ការអប់រំផ្សព្វផ្សាយឱ្យចូលរួមថែរក្សាផ្លូវផងដែរ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

ads banner