អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី ចាប់ផ្តើមសាងសង់
រតនគិរី៖ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជានិងលោកងិន ណែល អភិបាលខេត្តរតនគិរីស្តីទីកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមបញ្ចុះបឋមសិលាសាងសង់ ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក)។អគារស្នាក់ការនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈ អ្នកឧកញ៉ា ម៉ម វណ្ណឌី ។

សំណង់ដែលត្រូវសាងសង់មានទំហំ ២០,៨ ម៉ែត្រ គុណនឹង ១១ម៉ែត្រ មានទីតាំងនៅ ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (អតីតព្រលានយន្តហោះចាស់)។

ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់បានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជនកម្ពុជាកាលពីអតីតកាល។ ក្នុងនោះសមាគមអតីតយុទ្ធជនខេត្តរតនគិរី ក៏បានបំពេញតួនាទីភារកិច្ច របស់ខ្លួនយ៉ាងល្អប្រសើរ ហើយទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលនឹងត្រូវធ្វើការសាងសង់នាពេលនេះ នឹងក្លាយជាទីតាំងដ៏មានសារៈសំខាន់បំផុត សម្រាប់ការបំពេញការងារប្រចាំថ្ងៃរបស់សមាគម។

នៅក្នុងឱកាសនេះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានជូនអំណោយដល់គ្រួសារអតីតយុទ្ធជន ចំនួន៥១គ្រួសារ។អំណោយមាន អង្ករ មីកញ្ចប់ ទឹកត្រី ត្រីខ ប៊ីចេង អំបិល និងថវិកាមួយចំនួន៕
ដោយ៖ គតិ យុត្ត
