អ៊ុយក្រែនខ្លាចកម្លាំងអនុភាពមីស៊ីលកូរ៉េខាងជើងដែលរុស្ស៊ីប្រើក្នុងសមរភូមិ
កៀវ ៖ រដ្ឋាភិបាលទីក្រុងកៀវបង្ហាញពីការព្រួយបារម្ភពាក់ព័ន្ធនឹងមីស៊ីលផ្លោង KN23 របស់កូរ៉េខាងជើង ដែលកងទ័ពរុស្ស៊ីបានប្រើវាយលុកទ្រង់ទ្រាយធំនាពេលថ្មីៗនេះនៅក្នុងទឹកដីអ៊ុយក្រែន ហើយថា មីស៊ីលទាំងនោះ ឥឡូវនេះកាន់តែមានភាពខ្លាំងក្លាជាងមុន។
ប្រមុខចារកម្មការពារជាតិអ៊ុយក្រែន លោក Kyrylo Budanov បានចាត់ទុកមីស៊ីល KN23 របស់កូរ៉េខាងជើងថា ជាការគំរាមកំហែងផ្នែកយោធា នៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃចន្ទ។ លោកថា មីស៊ីលនោះ ធ្លាប់វាយប្រហារខុសគោលដៅក្នុងចម្ងាយពីរបីគីឡូម៉ែត្រ តែឥឡូវនេះ ពួកវាធ្លាក់ចំគោលដៅកំណត់យ៉ាងត្រឹមត្រូវ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែននិយាយថា មីស៊ីលផ្លោងរយៈចម្ងាយខ្លី KN23 របស់កូរ៉េខាងជើងចំនួន២គ្រាប់ ត្រូវបានកងកម្លាំងអ៊ុយក្រែនបាញ់ទម្លាក់នៅទីក្រុងកៀវ។
អ្នកនាំពាក្យរួបនេះបានគូសបញ្ជាក់ថា មីស៊ីលរបស់កូរ៉េខាងជើងទាំងនោះ ត្រូវបានធ្វើទំនើបកម្មកាន់តែជាក់លាក់ជាងមុន នៅពេលរុស្ស៊ីប្រើវាក្នុងសមរភូមិអ៊ុយក្រែន ហើយភាពរីកចម្រើននេះ គួរតែជាសារដាស់តឿនសម្រាប់អ្នករាល់គ្នា។ អ្នកនាំពាក្យរូបនេះក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិរួបរួមគ្នាដាក់សម្ពាធកូរ៉េខាងជើងផងដែរ ឱ្យបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីជាបន្ទាន់។
យោងតាមសេចក្តីរាយការណ៍របស់កងទ័ពអាកាស និងអាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថា រុស្ស៊ីបានវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់យន្តហោះដ្រូនជាង ៣០០គ្រឿង និងមីស៊ីលចំនួន៧គ្រាប់ រួមទាំងកាំជ្រួចផលិតដោយកូរ៉េខាងជើងពេញមួយយប់ថ្ងៃចន្ទឆ្លងដល់ព្រឹកថ្ងៃអង្គារ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់នៅក្នុងទីក្រុងកៀវ និងតំបន់ភាគខាងត្បូងនៃទីក្រុងOdesa៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
