ឥណ្ឌាគំរាមវាយចូលទៅជ្រៅក្នុងទឹកដីប៉ាគីស្ថាន បើមានការបង្កហេតុម្តងទៀត
ញូវដែលី ៖ ប្រមុខការទូតឥណ្ឌាបានគំរាមខ្លាំងៗថា កងទ័ពឥណ្ឌាត្រៀមខ្លួនរួចជាស្រេច វាយលុកគ្រប់ទិសទីនៅក្នុងទឹកដីប្រទេសប៉ាគីស្ថាន បើសិនមានការបង្កហេតុណាមួយដោយអំពើភេរវកម្ម។
ជម្លោះរវាងប្រទេសជិតខាងកាន់អាវុធនុយក្លេអ៊ែរ ឥណ្ឌា និងប៉ាគីស្ថានកើតឡើងបន្ទាប់ពីអ្នកទេសចរចំនួន ២៦នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតំបន់កាស្មៀដែលគ្រប់គ្រងដោយភាគីឥណ្ឌាកាលពីខែមេសា។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មាន Politico នៅទីក្រុងព្រុចសែល រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានចោទប្រកាន់ថា ប៉ាគីស្ថានកំពុងបណ្តុះបណ្តាលពួកភេរវករមួយចំនួនធំដោយបើកចំហ ពោលគឺមានចំនួនដល់ទៅរាប់ពាន់នាក់ ហើយគ្រោងដាក់ពង្រាយពួកគេវាយប្រហារប្រឆាំងនឹងប្រទេសឥណ្ឌា។
លោក Jaishankar បានព្រមានធ្ងន់ៗថា ឥណ្ឌានឹងមិនរស់នៅជាមួយពួកភេរវករទេ… សាររបស់យើងទៅកាន់ពួកគេ គឺថាបើសិនពួកគេនៅតែបន្តប្រព្រឹត្តអំពើព្រៃផ្សៃដូចកាលពីខែមេសា នោះនឹងមានការសងសឹកវិញ ហើយការសងសឹកនឹងប្រឆាំងទាំងអង្គភាពភេរវករ និងមេដឹកនាំពួកភេរវករ។ លោកថា យើងមិនខ្វល់ថា ពួកគេនៅទីណាទេ បើពួកគេនៅជ្រៅក្នុងទឹកដីប៉ាគីស្ថាន នោះយើងនឹងចូលជ្រៅទៅកាន់ទីនោះដែរ។
លោក Jaishankar បានព្រមានបែបនេះចង់សំដៅលើការប្រើយោធានាពេលថ្មីៗនេះនៅក្នុងទឹកដីប៉ាគីស្ថាន ក្នុងនោះឥណ្ឌាបានបើកការវាយប្រហារលើទីតាំង ដែលសង្ស័យជាជម្រកពួកភេរវជនក្នុងទឹកដីគ្រប់គ្រងដោយប៉ាគីស្ថានកាលពីថ្ងៃទី៧ ខែឧសភា សងសឹកការវាយប្រហារភេរវកម្មនៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌាកាលពីខែមេសា។ ប៉ុន្តែអរិភាពបានបញ្ចប់នៅថ្ងៃទី១០ ខែឧសភា ពេលបទឈប់បាញ់ត្រូវបានប្រកាស៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា
