ឯកឧត្តម បណ្ឌិត យង់ ពៅ ៖ ការគូសផែនទីឯកតោភាគីរបស់ថៃបង្ហាញនូវនយោបាយចាស់គំរិល និងនយោបាយអនុត្តរភាពដែលមិនគួរឱ្យអន្តរជាតិទុកចិត្ត
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជានិងក៏ជាអ្នកភូមិសាស្រ្តនយោបាយមួយរូបបានថ្លែងថា ភាពគឃ្លើន ដោយការគូសផែនទីឯកតោភាគីក្នុងការវាតទីទឹកដីប្រទេសជិតខាង ពិសេសកម្ពុជានាកន្លងមកនេះបង្ហាញពីប្រទេសនយោបាយចាស់គំរិល និង នយោបាយអនុត្តរភាពដែលមិនគួរអន្តរជាតិទុកចិត្តទេ។
ឯកឧត្តមបណ្ឌិត យង់ ពៅ បានបញ្ជាក់នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៥ថា ថៃបានការគូសផែនទីជាឯកតោភាគី ហើយតែងតែប្រើប្រាស់ដើម្បីឈ្លានពានទឹកដីកម្ពុជា និងរួមទាំងករណី ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីជាដើម។ទាំងនេះគឺជាការបង្ហាញនូវនយោបាយចាស់គំរិល និងនយោបាយអនុត្តរភាពរបស់ថៃដែលតែងតែធ្វើក្នុងសម័យកាលប្រវត្តិសាស្រ្ត។សម្រាប់ទង្វើរបស់ថៃនេះដែរគឺគេធ្វើឡើងនេះហាក់ពុំបានគិតថាវាមិនមែនជាសម័យកាល៥០០ឆ្នាំមុនដែលជាសម័យកាលលង្វែកទេ។
ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត យង់ ពៅបានឱ្យដឹងថា”ក្រុមអ្នកនយោបាយថៃ ក្រុមយោធាថៃ អ្នកជាតិនិយមថៃ ច្រឡំសម័យកាលគឺពួកគេច្រឡំសម័យកាលលង្វែក ជាមួយនឹងសម័យកាលតេជោសែន។សម័យកាលនេះគឺសម័យកាលតេជោសែនមិនមែនសម័យកាលលង្វែកដែលខ្មែរមានការបែកបាក់ ដែលពួកគេអាចទន្រ្ទានទឹកដីខ្មែរបាននោះទេ”។
ឯកឧត្តមបណ្ឌិត យង់ ពៅបានថ្លែងដែរថា”សូមបញ្ឈប់ការយកផែនទីឯកតោភាគីដែលបង្ហាញអំពីនយោបាយអនុត្តភាពវាតទីនិយមខុសសម័យកាលនេះទៀតទៅ។នេះវាមិនមានប្រយោជន៍សម្រាប់ប្រទេសថៃទេ កាលណាយកផែនទីឯកតោភាគីយកមកប្រើនេះបានបង្ហាញទៅពិភពលោកថាប្រទេសថៃ ដែលមិនស៊ីវិល័យ មិនគោរពច្បាប់អន្តរជាតិ ប្រទេសដែលមិនគួរទុកចិត្ត ជាប្រទេសដែលមិនគួរវិនិយោគ ឬធ្វើដំណើរទេសចរណ៍ទៀតទេ!ប្រទេសបែបនេះនោះ!”។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានព្រមានដល់ភាគីថៃ ដែលជាគូជម្លោះជាមួយកម្ពុជាលើបញ្ហាព្រំដែន កុំប្រើប្រាស់ផែនដែលគ្មានប្រភពច្បាស់លាស់ ដែលសម្ដេចហៅថា ជាផែនទីចោរឆ្នាំ២០០៨ មកបន្ដរំលោភដែនអធិបតេយ្យរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការផ្លាស់ប្ដូរខ្នាតនៃការប្រើប្រាស់ផែនទី 1/100000 ឬ 1/50000 ឬ 1/25000 ប៉ុន្ដែត្រូវតែច្បាស់លាស់អំពីប្រភពដើម នៃការគូសផែនទី ពោលមិនអាចយកផែនទីដែលគូសដោយឯកតោភាគីមកប្រើប្រាស់បានដាច់ខាត។ សម្ដេចសង្កត់ធ្ងន់ថា ភាគីថៃ និងកម្ពុជា ត្រូវប្រើប្រាស់ដោយអនុវត្តតាមកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ដែលជាមូលដ្ឋាននៃឯកសារ ក្នុងពង្រីកផែនទី។
សម្តេចតេជោមានប្រសាសន៍ថា«អ្នកមិនអាចប្រើប្រាស់ខ្នាតផែនទី 1/50000 របស់អ្នក ហើយបំពានលើអធិបតេយ្យជាតិរបស់កម្ពុជា។ កម្ពុជាមិនមែនជាក្មេងបៀមដៃសម្រាប់អ្នកប្រមាថ និងបោកបញ្ឆោតឈ្លានពានតាមអំពើចិត្តទេ។ផែនទីចោរដែលឈ្លានពានយើងឆ្នាំ២០០៨ គឺមិនគប្បីត្រូវបានប្រើប្រាស់ទៀតទេ យើងសូមប្រាប់អ្នកឲ្យបានដឹង»៕
ដោយ ៖ ម៉ាដេប៉ូ
