ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាដោះស្រាយសំណូមពររបស់វិស័យឯកជន

(ខេត្តព្រះសីហនុ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥ បានសហការរៀបចំសិក្ខាសាលាស្តីពី «ការអនុវត្តគោលការណ៍លើកទឹកចិត្តក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមជា វិនិយោគិន ធុរជនបរទេស និង ខ្មែរ ដែលជាម្ចាស់គម្រោងទទួលបានការលើកទឹកចិត្ត និង ម្ចាស់គម្រោងដែលកំពុងស្នើការលើកទឹកចិត្ត រួមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការពីស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៣២០ ។

សិក្ខាសាលានេះ មានគោលបំណងពិនិត្យមើលវឌ្ឍនភាពរបស់ម្ចាស់គម្រោងដែលទទួលការលើកទឹកចិត្តផ្នែកពន្ធ និង ការសម្រួលនីតិវិធី, ស្តាប់បញ្ហាប្រឈម និង ស្វែងរកដំណោះស្រាយជូនវិនិយោគិន ដើម្បីធានាបានថា ម្ចាស់គម្រោង/វិនិយោគិន អាចអនុវត្តគម្រោងរបស់ខ្លួនបានដោយរលូន និង ឆាប់រហ័ស ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» គឺជាគំនិតផ្ដួចផ្ដើមដ៏ប្រពៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា កម្មវិធីពិសេសនេះ មិនត្រឹមតែផ្តល់ការលើកទឹកចិត្តតាមរយៈការអនុគ្រោះពន្ធដារ និង ពន្ធគយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការសម្របសម្រួលគ្រប់ជ្រុងជ្រោយ តាមរយៈការសម្រួលនីតិវិធី និង ផ្តល់ការគំាទ្រដោយផ្ទាល់ តាមយៈក្រុមការងារពិសេសរបស់រាជរដ្ឋាភិបាល ដែលមានតំណាងពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថា ភាពជោគជ័យនៃកម្មវិធីនេះនឹងក្លាយជាគំរូដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍខេត្តផ្សេងទៀត ។ ហើយក៏បានលើកទឹកចិត្តឱ្យវិនិយោគិន និង អ្នកចូលរួមទាំងអស់ចូលរួមលើកមតិយោបល់ និង អំពីបញ្ហាប្រឈមដែលកំពុងជួបប្រទះ ក៏ដូចជាធ្វើការរាយការណ៍ជាប្រចាំ មកក្រុមការងារជំរុញការវិនិយោគ ដើម្បីក្រុមការងារមានព័ត៌មាន និង ធាតុចូលគ្រប់គ្រាន់ដើម្បីកំណត់បញ្ហា និង ដោះស្រាយជូន។ លើសពីនេះ, ក្រុមការងារនឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាប្រឹក្សាយោបល់, ការពន្យល់ច្បាស់ៗ, ការពិនិត្យ និង សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ, ការសម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗ និង ការថែទាំវិនិយោគ ដោយឥតគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និង ទំនុកចិត្ត តាមយន្តការ “ច្រកចេញចូលតែមួយ” ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធ ផ្តល់នូវការសម្របសម្រួល កិច្ចសហការ និង ការគាំទ្រផ្សេងៗ ។

សូមជម្រាបជូនថា គិតចាប់ពីឆ្នាំ ២០២៤ និង ៥ខែដើមឆ្នាំ ២០២៥ នេះ, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានធ្វើការប្រជុំចំនួន ១៦ លើក ដើម្បីពិនិត្យ និង អនុម័ត, និង បានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ២៩៦ ដែលមានទុនគ្រោងវិនិយោគប្រមាណ ៧ ០០០ លានដុល្លារ និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណជា ៥៣ ០០០ កន្លែង។ នៅក្នុងខែ មិថុនា នេះ, ក្រុមការងារនឹងគ្រោងកិច្ចប្រជុំលើកទី ១៧ ដើម្បីពិនិត្យ និង អនុម័ត លើគម្រោងចំនួន ៣៥ បន្ថែមទៀត ។ សម្រាប់រយៈពេល ៥ ខែ ដើមឆ្នាំ ២០២៥ មានគម្រោងសរុបចំនួន ៨៦ ដែលមានទំហំទុនគ្រោងវិនិយោគសរុប ៩៩៧,៥ លានដុល្លារអាមេរិកទទួលបានការលើកទឹកចិត្ត ធៀបនឹង ៥ ខែដើមឆ្នាំ ២០២៤ ក្នុងរយៈពេលដូចគ្នា ដែលមានតែ ៤១ គម្រោង ប៉ុណ្ណោះដែលទទួលការលើកទឹកចិត្ត ដែលនេះជាសញ្ញាបង្ហាញថាវិនិយោគិនកាន់តែមានទំនុកចិត្តលើក្រុមការងារ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ផ្អែកតាមនេះ, ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ រួមទាំងក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏នឹងត្រូវបន្តខិតខំប្រឹងប្រែងថែមទៀត, ទ្វេដង និង ជាបន្តបន្ទាប់ឥតដាច់ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច សំដៅទាក់ទាញ និង ជំរុញការវិនិយោគថែមទៀត មកក្នុងខេត្តព្រះសីហនុ តាមរយៈ “ថែរក្សាអ្នកចាស់ និង ស្វែងរកអ្នកថ្មី” និង ការដោះស្រាយបញ្ហាជាកញ្ចប់ក្នុងអភិក្រម “ជវភាព នៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីបង្កើតបានជាសហថាមពលដ៏រឹងមាំ រវាងរដ្ឋ និង វិស័យឯកជន ដែលជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការសម្រេចចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner