គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៥

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) កាលពីទី១១ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីផ្សព្វផ្សាយ “សេចក្តីសម្រេចស្តីពីការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥”នៅទីស្ដីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជាអនុប្រធាន សមាជិក សមាជិកានៃ គ.អ.ទ.ស., ស្ថាប័ន អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងផ្នែកឯកជន សរុប ១៥០នាក់។

កិច្ចប្រជុំបានផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗ ដូចជា៖ ការដាក់ឱ្យប្រើប្រាស់សូចនាករត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥, ឯកសារទស្សនទានគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍សម្រាប់សហគមន៍ធម្មជាតិកំពង់ភ្លុក, វឌ្ឍនភាព និងទិសដៅអភិវឌ្ឍន៍ទេសចរណ៍ភ្នំគូលែន, ចុងឃ្នៀស និងក្រុងសៀមរាប។

បន្ទាប់ពីបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសរួចមក អង្គប្រជុំបានសម្រេចនូវលទ្ធផលដូចខាងក្រោម ៖

ទី១). អង្គប្រជុំបានកត់សម្គាល់ និងវាយតម្លៃខ្ពស់លើតារាង “សូចនាករត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” ដែល គ.អ.ទ.ស. បានចេញសេចក្តីណែនាំរួចហើយ។ អង្គប្រជុំយល់ឃើញថា សូចនាករតាមដាន និងត្រួតពិនិត្យនេះ មិនត្រឹមតែជារង្វាស់ប្រសិទ្ធភាព និងលទ្ធផលការងារប៉ុណ្ណោះទេ ថែមទាំងជាបង្គោលចរ និងគោលការណ៍តម្រង់ទិសសម្រាប់ការអនុវត្តវិធានការគន្លឹះ។

ទី២). អង្គប្រជុំបានកត់សម្គាល់ និងកោតសរសើរចំពោះរបាយការណ៍វឌ្ឍនភាពផែនការអភិវឌ្ឍន៍ទេសចរណ៍នៅចុងឃ្នៀស និងក្រុងសៀមរាប។ អង្គប្រជុំស្នើឱ្យអង្គភាពគ្រប់គ្រងគោលដៅតាមតំបន់នីមួយៗ ឬស្ថាប័នមានសមត្ថកិច្ច ជាពិសេស គ្រឹះស្ថានអង្គរ ដែលជាអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍នៅតំបន់បឹងទន្លេសាប (Sub-DMO) បន្តខិតខំជំរុញការងាររបស់ខ្លួនឱ្យស្របតាមទិសដៅដែលបានគ្រោងទុក។

ទី៣). អង្គប្រជុំបានឯកភាពលើសេចក្ដីព្រាង “ឯកសារទស្សនាទាន(Concept Note) គម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍សម្រាប់សហគមន៍ធម្មជាតិកំពង់ភ្លុក” ដែលគម្រោងនេះនឹងចូលរួមកែលម្អជីវភាពរស់នៅរបស់ប្រជាសហគមន៍ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន ធានាបាននូវគុណភាពជីវិតដ៏ប្រសើរដល់ពលរដ្ឋមូលដ្ឋាន និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។ អង្គប្រជុំបានឯកភាពដាក់សេចក្ដីព្រាង “ឯកសារទស្សនាទានគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍សម្រាប់សហគមន៍ធម្មជាតិកំពង់ភ្លុក” គោរពជូនសម្តេចមហាបវរធិបតី ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សំដៅឈានទៅរៀបចំប្លង់លម្អិត។

ទី៤). ចំពោះគោលដៅភ្នំគូលែន៖ អង្គប្រជុំបានស្នើឱ្យក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ បន្តកិច្ចសហការ និងពិភាក្សាគ្នាលំអិតបន្ថែមទៀតទៅលើទិដ្ឋភាពនៃការថែរក្សា អភិរក្សធនធានធម្មជាតិ បរិស្ថាន និងការៀបចំគ្រប់គ្រង និងអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍នៅទីនោះ។គ.អ.ទ.ស. នឹងធ្វើការកោះប្រជុំដោយឡែកស្តីពីការគ្រប់គ្រង និងអភិវឌ្ឍតំបន់គោលដៅទេសចរណ៍ភ្នំគូលែននេះ។

ទី៥). អង្គប្រជុំសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងបានដាក់ចេញសេចក្តីសម្រេចស្ដីពីការដាក់ឱ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥។

អង្គប្រជុំប្ដេជ្ញាសហការបំពេញភារកិច្ច អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមការចង្អុលបង្ហាញក្នុងសកម្មភាពនីមួយៗនៃវិធានការគន្លឹះនេះ ហើយអង្គប្រជុំក៏បានឯកភាពគ្នា រៀបចំបូកសរុបលទ្ធផល និងការងារសម្រេចបានសម្រាប់រយៈពេល ៩ខែ និង១២ខែ នៃការអនុវត្តវិធានការគន្លឹះនេះ។ ករណីប្រសិនបើមានសកម្មភាពណាដែលមិនទាន់អនុវត្តចប់ទាំងស្រុង ឬមិនទាន់បានអនុវត្ត ត្រូវស្នើសុំជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ដើម្បីធ្វើការរំកិលសកម្មភាពអនុវត្តទៅឆ្នាំ២០២៦ តាមលទ្ធភាពជាក់ស្តែងផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner