ក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសសិង្ហបុរី ពិគ្រោះយោបល់នយោបាយ លើកទី២ នៅប្រទេសសិង្ហបុរី
(ភ្នំពេញ)៖ ឯកឧត្តម ថៃ ជុន អនុរដ្ឋលេខាធិការបានអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងក្រសួងការបរទេសសិង្ហបុរី ជាមួយលោកជំទាវ ហ៊ូ ឈីសា អគ្គលេខាធិការរងនៃក្រសួងការបរទេសសិង្ហបុរី នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ។
កិច្ចប្រជុំត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងពង្រឹងការប្តេជ្ញាចិត្តរវាងកម្ពុជា និង សិង្ហបុរី ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត។
សហប្រធានទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនលើកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមាន សន្តិសុខ-នយោបាយ, ការពារជាតិ, ពាណិជ្ជកម្ម និងវិនិយោគ, ទេសចរណ៍, ការអភិវឌ្ឍធនធានមនុស្ស, ហិរញ្ញវត្ថុ និងរដ្ឋាភិបាលឌីជីថល, សន្តិសុខស្បៀង និងថាមពល។
សហប្រធានទាំងពីរបានរំលឹកអំពីការដឹកនាំ ប្រកបដោយចក្ខុវិស័យ របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអតីត នាយករដ្ឋមន្ត្រីសិង្ហបុរី ឯកឧត្តម លី ក្វាន់យូ ដែលបានបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាពរវាង កម្ពុជា និងសិង្ហបុរី និងប្តេជ្ញាធានាបាននូវភាពជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី ឡរើន វ៉ុង នៅព្រះរាជាណាចក្រកម្ពុជា។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈ សំខាន់នៃការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលារវាងភ្នាក់ងារអនុវត្តច្បាប់នៃប្រទេស ទាំងពីរក្នុងការដោះស្រាយ ឧក្រិដ្ឋកម្មឆ្លងដែន។
សហប្រធានទាំងពីរ បានសង្កត់ធ្ងន់ពាក់ព័ន្ធនឹងការជំរុញ កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធតាមរយៈការចែករំលែកព័ត៌មាន ការធ្វើប្រតិបត្តិការរួមគ្នា និងការកសាង សមត្ថភាព ដែលរួមចំណែកដល់សន្តិសុខតំបន់ ស្ថិរភាព និងសុវត្ថិភាពសាធារណៈឱ្យកាន់តែប្រសើរឡើង។
សហប្រធានទាំងពីរបានប្តេជ្ញាលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសន្ទនាជាប្រចាំ ដើម្បី រិះរកកាលានុវត្តភាពបង្កើនពាណិជ្ជកម្មទ្វេភាគី និងវិនិយោគ រវាងកម្ពុជា និងសិង្ហបុរី ជាពិសេស កសិកម្ម និងផលិតកម្មស្បៀង។ ភាគីទាំងពីរបានកោតសរសើរអំពីការវិវត្តជាវិជ្ជមាន នៃថ្នាលច្រករបៀងតម្លាភាព ហិរញ្ញវត្ថុ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងចុះហត្ថលេខាកាលពីឆ្នាំមុន ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នៅប្រទេសសង្ហបុរី ។
ដោយទទួលស្គាល់អំពីសក្តានុពលក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សហប្រធានទាំងពីរបានលើកទឹកចិត្តដល់ភ្នាក់ងារទេសចរណ៍នៃប្រទេសទាំងពីរធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីឈានដល់ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះលើវិស័យទេសចរណ៍ ដើម្បីរិះរកការអភិវឌ្ឍកញ្ចប់ ទេសចរណ៍រួម និងកម្មវិធីប្រូម៉ូសិន ក៏ដូចជាបន្ថែមជើងហោះហើរទៅកាន់តំបន់ទេសចរណ៍សំខាន់ៗរវាងកម្ពុជា និងសិង្ហបុរី។
សហប្រធានបានប្តេជ្ញាពន្លឿនធ្វើឱ្យចេញជារូបរាងនូវគោលបំណងនៃការតភ្ជាប់ថាមពល ដែលបាន ព្រមព្រៀងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលកម្ពុជា-ឡាវ-សិង្ហបុរី លើកទី១ ស្តីពីពាណិជ្ជកម្មថាមពលអគ្គិសនី កាលពីខែឧសភា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។
ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្ត កិច្ចសហប្រតិបត្តិការ និងការរួមបញ្ចូលប្រធានបទពាក់ព័ន្ធ ដូចជា សុវត្ថិភាពអាកាសចរណ៍ជាដើម។
ក្នុងន័យនេះ ឯកឧត្តម ថៃ ជុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសិង្ហបុរី ក្នុងការបន្តគាំទ្រដោយផ្តល់ វគ្គបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជា ទាំងក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការសិង្ហបុរី (SCP) និងក្រោមគំនិត ផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI)។
ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើឆាកអន្តរជាតិ រួមទាំងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងអាស៊ាន ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីឆន្ទៈ ក្នុងការរក្សានូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ រវាងប្រទេសទាំងពីរ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី។
ភាគីទាំងពីរបានឯកភាពនឹងរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការបទេស ទាំងពីរ ក្នុងឆ្នាំ២០២៧ នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ថៃ ជុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិង្ហបុរីជាម្ចាស់ផ្ទះសម្រាប់ការទទួល ស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងជិតស្និទ្ធចំពោះគណៈប្រតិភូកម្ពុជានៅក្នុងអំឡុងពេល ស្នាក់នៅប្រទេសសិង្ហបុរី និងការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងក្រសួងការបរទេសទាំងពីរ បានយ៉ាងល្អឥតខ្ចោះ ៕
ដោយ ៖ សួង ពិសិដ្ឋ





