ឯកឧត្តម ហ៊ុន ម៉ានី បន្តចុះជួបជាមួយក្រុមគ្រួសារកងទ័ព ដើម្បីសាកសួរសុខទុក្ខ និងផ្តល់ជូនអំណោយសប្បុរសធម៌
(ព្រះវិហារ)៖ បន្ទាប់ពីជួបសំណេះសំណាលជាមួយកងទ័ព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងគណៈប្រតិភូបានបន្តចុះជួបជាមួយក្រុមគ្រួសារកងទ័ព ដើម្បីសាកសួរសុខទុក្ខ និងនាំយកជំនួយសប្បុរសធម៌ទៅចែកជូនតាមគ្រួសារផងដែរ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចវធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែតផងដែរ ។ ឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមគ្រួសារកងកម្លាំងទាំងអស់ សូមមានការជឿកជាក់ និងការគាំទ្រគ្រប់វិធានការទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់គ្រប់យន្តការទាំងអស់ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង ដោយការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពផង និងការពារអធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានជាដាច់ខាតផងដែរ។
បន្ថែមពីលើនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសំណូមពរដល់បងប្អូនទាំងអស់ថា ក្នុងនាមជាខ្មែរ យើងត្រូវតែមូលមតិ មានឯកភាពរឹងមាំ ទាំងទស្សនៈ និងគោលជំហរ ដើម្បីការពារផលប្រយោជន៍ជាតិ មិនថាក្នុងកាលៈទេសៈណានោះទេ។
សូមបញ្ជាក់ថា សម្ភារៈដែលត្រូវបានយកមកប្រគល់ជូនបងប្អូនគ្រួសារកងទ័ពនាពេលនោះរួមមានដូចជា អង្ករ គ្រឿងឧបភោគបរិភោគ ទឹកបរិសុទ្ធ ភេសជ្ជៈនានា រួមទាំងថវិកាផងដែរ ៕
ដោយ / គ្រី សម្បត្តិ









