សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូ អញ្ជើញនិវត្តន៍មកដល់កម្ពុជា ក្រោយបញ្ចប់ការងារនៅបារាំង
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមាតុភូមិនិវត្តន៍ដល់កម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញទៅចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិស្តីពី មហាសមុទ្រ លើកទី៣ (UNOC3) នៅប្រទេសបារាំង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ។
សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប. សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមសន្និសីទ អ.ស.ប. ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព»។
ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ សម្តេចធិបតី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជា ចំពោះការកើនឡើងការគំរាមកំហែងដល់មហាសមុទ្រពិភពលោក រួមមាន ៖ ការកើនឡើងកម្រិតទឹកសមុទ្រ ការហូរច្រោះតាមឆ្នេរសមុទ្រដោយឥតឈប់ឈរ និងការរីករាលដាលនៃការបំពុលប្លាស្ទីក ការថយចុះយ៉ាងឆាប់រហ័ស នៃជីវចម្រុះសមុទ្រ និងការទាញយកប្រយោជន៍ហួសហេតុពីធនធានសមុទ្រ ព្រមទាំងបាន អំពាវនាវឱ្យមានសកម្មភាពឆាប់រហ័ស និងបន្ទាន់ រួមជាមួយកិច្ចសហប្រតិបត្តិការឥតងាករ៉េក្នុងការដោះ ស្រាយបញ្ហាប្រឈមទាំងនេះ។
សម្តេចធិបតី បានអំពាវនាវដល់សហគមន៍អន្តរជាតិ ផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងឱកាសក្នុងការទទួលបានចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាសមុទ្រ និងធនធានសម្រាប់ការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងការអភិរក្សសមុទ្រ ដោយធានាថា “មិនទុកចោលប្រទេសណាមួយឡើយក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារមហាសមុទ្ររបស់យើង”។
សម្តេចធិបតី ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញលេញ ក្នុងការចូលរួមឯកភាពលើសេចក្តីប្រកាសនយោបាយសន្និសីទ UNOC3 ដើម្បីបញ្ជាក់ពីការបន្តការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងសកម្មភាពមហាសមុទ្រ ប្រកបដោយសមូហភាពផ្អែកលើ វិទ្យាសាស្ត្រ នវានុវត្តន៍ និងសមធម៌។
ក្នុងអំឡុងពេលនៃសន្និសីទនេះ កម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (កិច្ចព្រមព្រៀង BBNJ) ក្នុងអំឡុងព្រឹត្តិការណ៍សន្ធិសញ្ញាពិសេស នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីការគាំទ្ររបស់កម្ពុជាលើការ ការពារជីវៈចម្រុះសមុទ្រ និងការធានាការប្រើប្រាស់ដោយសមភាព និងនិរន្តរភាពនៃធនធានសមុទ្រ នៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិ។
ស្របពេលសន្និសីទ UNOC3 សម្តេចធិបតី បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ និងប្រធានគណៈប្រតិភូនៃបណ្តាប្រទេស និងស្ថាប័ន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគី រួមមាន៖ ជំនួបជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដោយសម្តេចធិបតី បានអបអរសាទរប្រទេសបារាំង ចំពោះភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ UNOC3 ។
សម្តេចធិបតី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះការការពារបរិស្ថាន ដូចដែលបានបង្ហាញតាមរយៈការចុះហត្ថលេខារបស់កម្ពុជាលើ កិច្ចព្រមព្រៀង BBNJ។
ឯកឧត្តមប្រធានាធិបតី បានលើកទឹកចិត្តដល់កម្ពុជា និងរដ្ឋ សមាជិកដទៃទៀត ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឱ្យបានឆាប់បំផុត នៅមុនសម័យ ប្រជុំលើកទី៨០ នៃមហាសន្និបាតអ.ស.ប.។ ទន្ទឹមនឹងការប្តេជ្ញាចិត្តក្នុងការរៀបចំនីតិវិធីបន្ត ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ សម្តេចធិបតី បានសម្តែងការពេញចិត្តយ៉ាងខ្លាំង សម្រាប់ការបន្តគាំទ្ររបស់ប្រទេសបារាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
ថ្នាក់ដឹកនាំទាំងពីរ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងរីកចម្រើន ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបញ្ចប់ការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ ទំនាក់ទំនងបារាំង-កម្ពុជា ក្នុងគោលបំណងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី រួមទាំងតួនាទីយ៉ាងសកម្មរបស់ បារាំងក្នុងនាមជាដៃគូអភិវឌ្ឍន៍អាស៊ាន និងជំនួយបច្ចេកទេសសម្រាប់កម្ពុជាធ្វើជាម្ចាស់ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅទីក្រុងសៀមរាប ក្នុងឆ្នាំ២០២៦។
សម្តេចធិបតី បានគូសបញ្ជាក់ថា ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ទន្ទឹងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីនៅកម្ពុជា ក្នុងឱកាស នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក ។
សម្តេចធិបតី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក្នុងនោះសម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា មានកិច្ចសហប្រតិបត្តិការប្រកបដោយថាមវន្តជាមួយសហភាព អឺរ៉ុប និងរដ្ឋសមាជិក នៅលើវិស័យជាច្រើន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
ក្នុងជំនួបជាមួយ ឯកឧត្តម Emomali Rahmon ប្រធានាធិបតីនៃសាធារណរដ្ឋតាហ្ស៊ីគីស្ថាន សម្តេចធិបតី បានរំលឹកឡើងវិញពីជំនួបទ្វេភាគីដ៏កក់ក្តៅរវាង សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តមប្រធានាធិបតី Rahmon កាលពីឆ្នាំ២០១៩ កន្លងទៅ នៅប្រទេសតាហ្ស៊ីគីស្ថាន។ ខណៈឆ្នាំនេះ ជាខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-តាហ្ស៊ីគីស្ថាន ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជាតិទាំងពីរ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំទាំងពីរ បានលើកទឹកចិត្តឱ្យមានការចាប់ផ្តើមរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីឱ្យបានឆាប់ ដើម្បីស្វែងរកមធ្យោបាយ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។
ចំពោះជំនួបជាមួយ ឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ សម្តេចធិបតី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជាមួយប្រទេសកូតឌីវ័រ និងបានរំលឹកឡើងវិញពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រី Mambé នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើវិស័យសក្តានុពលមួយចំនួន ជាពិសេស វិស័យឧស្សាហកម្ម និងកសិកម្ម។
ក្នុងឱកាសនោះដែរ សម្តេចធិបតី ក៏បានជួបជាមួយ លោកជំទាវ Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រ បែលហ្ស៊ិក ។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និង បែលហ្ស៊ិក និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនបែលហ្ស៊ិកដែលបានផ្តល់ការគាំទ្រដល់វិស័យសំខាន់ៗ រួមមាន ការបោសសម្អាតមីន អប់រំ និងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (ECCC)។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលជាវេទិកាដ៏សំខាន់ក្នុង ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
នៅក្នុងជំនួបជាមួយ ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធទទួលបន្ទុកកិច្ចការអឺរ៉ុប និងអន្តរជាតិ នៃសាធារណរដ្ឋអូទ្រីស សម្តេចធិបតី បានសម្តែងការពេញចិត្តចំពោះ ទំនាក់ទំនងកម្ពុជា-អូទ្រីស ដ៏យូរអង្វែង និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសអូទ្រីស ដែលរួមមាន ៖ ការផ្តល់អាហារូបករណ៍ និងការផ្តល់ជំនួយដល់ស្ថាប័នសំខាន់ៗដូច ជាមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា អង្គការ UNDP និង និងអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (ECCC)។ សម្តេចធិបតី និង ឯកឧត្តម Sepp Schellhorn បានលើកទឹកចិត្តឱ្យភាគីទាំងពីរ ស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យផ្សេងៗទៀតដែលជាប្រយោជន៍រួម ៕
អត្ថបទ៖ វណ្ណលុក
រូបថត៖ FN
រូបវីដេអូ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ





