សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខគ្រួសារសពផ្ទុះមីនតោននៅខេត្តប៉ៃលិន
(ខេត្តប៉ៃលិន)៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោក យ៉ាន ដា អាយុ ២៤ ឆ្នាំ មានមុខរបរស៉ីឈ្នួល បេីកត្រាក់ទ័រ ដែលស្លាប់ដោយគ្រោះឧបទ្ទវហេតុផ្ទុះមីនតោន ក្នុងពេលបេីកត្រាក់ទ័រភ្ជួររាស់ដីចម្ការរមេីរ ក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៤០ នាទី
ហេីយសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានក្នុងភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយអ្នកស្រី ជន ស្រីនិត និងក្រុមគ្រួសារសពក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពនេះ លោកជំទាវ ពុំ ចន្ទីនី បានមានប្រសាសន៍ថា ៖ ការមកចូលរួមបុណ្យសពនៅពេលនេះគឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានដល់រន្ធត់ និងសោកសង្រេងនេះភ្លាម ហើយស្របជាមួយនិងក្រុមការងារកំពុងបំពេញបេសកម្មនៅខេត្តបាត់ដំបងស្រាប់ផងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបលោកជំទាវ មកចូលរួមបុណ្យផ្ទាល់ ដោយនាំយកថវិកាចំនួន ៥ លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់យកទៅចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ព្រមជាមួយនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយអ្នកស្រី ជន ស្រីនិត ភរិយា និងក្រុមគ្រួសារសពដែលបានបាត់បង់ប្តី ឪពុក សមាជិកគ្រួសារជាទីគោរពស្រលាញ់ ជាអ្នកទ្រទ្រង់ដ៏សំខាន់ក្នុងជីវភាព និងការរស់នៅប្រចាំថ្ងៃ ដ៏សោកសង្រេង និងខ្លោចផ្សាជាទីបំផុត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព លោកយ៉ាន់ ដា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះសូមអ្នកស្រី ជន ស្រីនិត ភរិយានៃសព ដែលកំពុងពពោះត្រូវដល់ថ្ងៃសម្រាល និងមានកូនស្រីអាយុ៣ខួបផងនោះ សូមថែទាំសុខភាព និងពង្រឹងស្មារតី កម្លាំងកាយចិត្តឲ្យបានល្អ ព្រោះត្រូវទទួលបន្ទុកមេីលថែនិងផ្តល់ភាពកក់ក្តៅជាក្តីសង្ឃឹមសម្រាប់ពួកគាត់ទាំងពីរ តទៅមុខទៀត ៕
ដោយ / គ្រី សម្បត្តិ




