អឺរ៉ុប និងប្រទេស៥ ប្រាប់លោក Trump កុំឱ្យដាក់ពន្ធយន្តហោះ ក្រែងប៉ះពាល់ដល់សុវត្ថិភាព និងតម្លៃ

ព្រុចសែល ៖ សហភាពអឺរ៉ុប និងប្រជាជាតិចំនួន៥ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនអាវកាសនានាទូទាំងពិភពលោក បានចាប់ដៃគ្នាជំរុញឱ្យរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump កុំដំឡើងពន្ធសន្តិសុខជាតិថ្មីលើយន្តហោះពាណិជ្ជកម្ម និងគ្រឿងបន្លាស់ ដែលនាំចូល នេះបើតាមកាសែតរ៉យទ័រដស្រង់ប្រភពពីឯកសារដែលចេញផ្សាយកាលពីថ្ងៃអង្គារ។

ក្រុមហ៊ុនអាកាសចរណ៍ និងស្ថាប័នផលិតយន្តហោះ កំពុងព្យាយាមបញ្ចុះបញ្ចូលលោកប្រធានាធិបតី Trump ឱ្យស្តារឡើងវិញនូវរបបគ្មានពន្ធ ក្រោមកិច្ចព្រមព្រៀងយន្តហោះស៊ីវិលឆ្នាំ១៩៧៩ ដែលបានផ្តល់អតិរេកពាណិជ្ជកម្មប្រចាំឆ្នាំចំនួន ៧៥ពាន់លានដុល្លារ សម្រាប់ឧស្សាហកម្មអាមេរិក។

ឯកសារដែលផ្សព្វផ្សាយជាសាធារណៈដោយក្រសួងពាណិជ្ជកម្មអាមេរិកនេះ បានបង្ហាញពីការព្រួយបារម្ភរបស់ក្រុមហ៊ុនអាកាសចរណ៍ និងប្រជាជាតិនានា រួមមានកាណាដា ចិន ជប៉ុន ម៉ិកស៊ិក និងស្វីស រួមទាំងសហភាពអឺរ៉ុប ជុំវិញការដាក់ចេញពន្ធថ្មី។ យ៉ាងណា លោកប្រធានាធិបទី Trump បានដាក់ពន្ធ ១០% រួចទៅហើយ លើការនាំចូលយន្តហោះ និងគ្រឿងបន្លាស់ស្ទើរតែទាំងអស់។

កាលពីដើមខែឧសភា ក្រសួងពាណិជ្ជកម្មអាមេរិកបានចាប់ផ្តើមការស៊ើបអង្កេតសន្តិសុខជាតិ “មាត្រាទី២៣២” លើការនាំចូលយន្តហោះពាណិជ្ជកម្ម ម៉ាស៊ីនយន្តហោះ និងគ្រឿងបន្លាស់ ដែលអាចបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ពន្ធកាន់តែខ្ពស់លើការនាំចូលបែបនេះ៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner