ឯកឧត្តម ប៉ែន បូណា ៖ កម្ពុជាកំពុងរៀបចំឯកសារ និង មេធាវី ដើម្បីប្តឹងពីតំបន់ជម្លោះទាំង៤ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)

(ភ្នំពេញ)៖ នាពេលនេះប្រទេសកម្ពុជាបានកំពុងតែប្រមូលឯកសារពាក់ព័ន្ធនានា ដែលក្នុងនេះរួមទាំងមេធាវីទាំងជាតិ និងអន្តរជាតិដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ក្នុងករណីជម្លោះតាមតំបន់ព្រំដែនកម្ពុជា-ថៃនៅតំបន់ជម្លោះទាំង៤គឺ មុំបី,ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរសទស្សន៍ជាតិកម្ពុជានៅយប់ថ្ងៃទី១១ មិថុនា ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាកំពុងតែរៀបចំឯកសារពាក់ព័ន្ធនានា រួមទាំងរកមេធារីជាតិ អន្តរជាតិពូកែដើម្បីធ្វើការតតាំងក្តីនៅ មុខតុលាការយុត្តិធម៌អន្តរជាតិ។

ជុំវិញបញ្ហានេះ ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់ថា ៖ សម្រាប់បញ្ហាព្រំដែននោះយើងបានដោះស្រាយយូរហើយរហូតនៅតែកើតអំពើហិង្សា ដែលរាជរដ្ឋាភិបាលថាមិនអាចទទួលយកបាននោះទេ។ ចំណុចដែលយើងប្រកាន់យក គឺនឹងនាំយករឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ។ បញ្ហាមួយនេះដែរគឺរាជរដ្ឋាភិបាលបានបញ្ជាក់ច្បាស់ថាសុំឲ្យថៃសហការ ហើយបើថៃគេមិនសហការ ក៏រាជរដ្ឋាភិបាលបន្តចាត់នីតិវិធីដោយឯករាជម្ចាស់ការខ្លួនឯង។ ថៃមិនទៅក៏នៅតែយើងបន្តទៅដែរ។

មន្រ្តីអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបានគូសបញ្ជាក់ដែរថា ភាគីកម្ពុជា ក៏បានធ្វើលិខិតជាផ្លូវការទៅភាគីថៃដើម្បីធ្វើការដោះស្រាយបញ្ហាព្រំដែននេះរួចហើយ។ហេតុនេះទោះបីជាភាគីថៃប្រកាន់ជំហរមិនទៅតតាំងក្តីនៅតុលាការយុត្តិធម៌អន្តរជាតិក្តីក៏ភាគីកម្ពុជានៅតែប្រកាន់ជំហរយកតំបន់ទាំង៤គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិដដែល។ជុំវិបញ្ហានេះដែរគឺកាលពីថ្ងៃទី៦ មិថុនា រាជរដ្ឋាភិបាលក៏បាន បង្កើតឝណៈកម្មការមួយដើម្បីរៀបចំឯកសារ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ។

ឯកឧត្តម ប៉ែន បូណា បានលើកឡើងដោយបញ្ជាក់ថាគិតមកដល់ពេលនេះគឺគណៈកម្មការនេះ ដែលមានតួនាទី បានរៀបចំឯកសារ រកមេធាវីជាតិ អន្តរជាតិ ឱ្យឈរតំណាងនៅតុលាការដើម្បីតតាំងក្តី ។ ដោយឡែកក្រសួងការបរទេសកម្ពុជាយើង ក៏បានសរសេរលិខិតទៅសមភាគីថៃដើម្បីឱ្យសហការក្នុងចំពោះរឿងនៅតុលាការអន្តរជាតិដើម្បី បានយុត្តិធម៌ទាំងអស់គ្នា ហើយជាយុត្តិធម៌ និងមិនបង្កការលំបាកដល់កូនចៅជំនាក់ក្រោយទៀត។នាពេលនេះដែរក្រុមការងាររាជរដ្ឋាភិបាលបាន ធ្វើការងារនេះរហូត ដោយរកឯកសារ ,សំឡឹងមើលរកមេធាវីណាពូកែ និងកសាងឯកសារដាក់ទៅ ធ្វើយ៉ាងសំណុំរឿងឱ្យបានរឹងមាំក្នុងការតតាំងថ្ងៃខាងមុខ។

ឯកឧត្តម បានថ្លែងបញ្ជាក់ដែរថា៖”គឺយើងចង់ឲ្យគាត់ទៅ ហើយនៅពេលគាត់ទៅយើងដាក់ដំណើរទាំងពីរនាក់ ប៉ុន្តែបើគាត់មិនទៅក៏យើងនៅតែដាក់ព្រោះថានេះជំហររាជរដ្ឋាភិបាល។ នេះមិនមែនជារឿងតូចតាចទេ អ៊ីចឹង ក្នុងការរកធនធានមនុស្ស ឯកសារ ត្រូវតែរឹងមាំ ទើបយកទៅតតាំងក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ហើយម្យ៉ាងជាសំណុំរឿងអធិបតេយ្យភាព បូរណភាពទឹកដី បែបនេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់”។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់បន្ថែមថា សម្រាប់នៅថ្ងៃទី១៤មិថុនា ឆ្នាំ ២០២៥ខាងមុខនេះ នឹងមានកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា -ថៃ ហើយកម្ពុជានឹងដាក់របៀបវារៈទៅក្នុងកិច្ចប្រជុំនោះ ដោយស្នើឲ្យភាគីថៃបញ្ជាក់ជាផ្លូវការចុងក្រោយថាទៅព្រមទៅជាមួយកម្ពុជា ឬក៏អត់បើមិនទៅទេយើងនឹងទាក់ទាញឱ្យទៅ សុំឲ្យ គាត់ទៅ និងយើងនៅតែប្រកាន់ជំហរប្តឹងរបស់យើង៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner