ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃមន្ទីរពិសោធន៍ បច្ចេកវិទ្យានិងនវានុវត្តន៍ (AUPP Emerging Technology Lab)
(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និអទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃមន្ទីរពិសោធន៍ បច្ចេកវិទ្យានិងនវានុវត្តន៍ (AUPP Emerging Technology Lab) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។
មន្ទីរពិសោធន៍បច្ចេកវិទ្យានិងនវានុវត្តន៍ (AUPP Emerging Technology Lab) ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការសិក្សាពាក់ព័ន្ធនឹងការអនុវត្ត ការច្នៃប្រឌិត និងការចូលរួមជាមួយឧស្សាហកម្មក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ។ មន្ទីរពិសោធន៍នេះនឹងក្លាយជាកន្លែងដ៏សកម្មសម្រាប់និស្សិតក្នុងការអភិវឌ្ឍជំនាញ អនុវត្តគម្រោងជាក់ស្តែង និងស្វែងយល់អំពីការច្នៃប្រឌិតតាមរយៈសិក្ខាសាលា ការស្រាវជ្រាវ និងការសហការជាមួយដៃគូឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល។ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងប្រើប្រាស់មន្ទីពិសោធន៍នេះដើម្បីគាំទ្រកម្មវិធីសិក្សា ការបង្រៀន និងវគ្គបណ្តុះបណ្តាល ជាពិសេសកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យា និងជំរុញយុទ្ធនាការផ្សេងៗដែលធ្វើឱ្យសាកលវិទ្យាល័យក្លាយជាជម្រើសដ៏លេចធ្លោសម្រាប់ ការអភិវឌ្ឍបច្ចេកវិទ្យា និងវិជ្ជាជីវៈនាពេលខាងមុខ។
ឯកឧត្តមរដ្ឋលេខធិការ បានលើកឡើងអំពីចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើបរិវត្តកម្មឌីជីថល និងការអនុវត្តផែនការយុទ្ធសាស្ត្រផ្សេងៗ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍន៍ធនធានមនុស្សឌីជីថល និងបង្កើនការស្រាវជ្រាវ។ មន្ទីពិសោធន៍នេះ មិនមែនត្រឹមតែជាការបើកបង្ហាញអគារថ្មីទេ ប៉ុន្តែជាការបង្ហាញពីបំណង និងការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់សម្រាប់អនាគត។ ទន្ទឹមនឹងនេះ មន្ទីពិសោធន៍នេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមឆ្ពោះទៅរកសង្គមឌីជីថល និងការសហការរវាងសាកលវិទ្យាល័យ រាជរដ្ឋាភិបាល និងវិស័យឯកជននានា៕







ដោយ ៖ ង៉ាន់ ទិត្យ