ក្រសួងប្រៃសណីយ៍ជូនដំណឹង ស្ដីពី វឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត និងការបើកការពិគ្រោះយោបល់ជាសាធារណៈ

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល បណ្តាក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មីគ្រប់វិស័យ គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អ្នកវិជ្ជាជីវៈឌីជីថល សិស្សនិស្សិត(“ភាគីពាក់ព័ន្ធ”)ទាំងអស់ និងសាធារណជន មេត្តាជ្រាបអំពីវឌ្ឍនភាពនៃការរៀបចំ “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” ដូចខាងក្រោម៖

បន្ទាប់ពីសិក្ខាសាលាពិនិត្យស៊ីជម្រៅនាថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៥ ក្រុមការងាររបស់ ក.ប.ទ. បានកែសម្រួលសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតនិងបានផ្ញើសេចក្តីព្រាងដែលបានកែសម្រួល ជូនក្រសួង ស្ថាប័នពិនិត្យនិងផ្តល់យោបល់ ព្រមទាំងបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នជាទ្វេភាគីនិងពហុភាគីសរុបចំនួន ១០លើក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ជាលទ្ធផលក្រសួង ស្ថាប័នជាច្រើនបានលើកមតិគាំទ្រនិងផ្តល់មតិយោបល់ល្អៗលើសេចក្តីព្រាងនេះ។ ជាជំហានបន្ទាប់ ក.ប.ទ. នឹងបន្តរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល តំណាងវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ក្នុងសប្តាហ៍ទី៣ ខែមិថុនា ឆ្នាំ២០២៥ ហើយនឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត នៅសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៥។

ដើម្បីប្រមូលធាតុចូលឱ្យបានកាន់តែទូលំទូលាយពីភាគីពាក់ព័ន្ធ សំដៅធ្វើឱ្យសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតក្លាយទៅជាឯកសារថ្នាក់ជាតិដ៏ពេញលេញ ក.ប.ទ សូមបើកការពិគ្រោះយោបល់លើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

ដើម្បីចូលរួមផ្តល់យោបល់ សូមទាញយកសេចក្តីព្រាងយុទ្ធសាស្ត្រនេះ ឯកសារទស្សនាទាន និងតារាងផ្ដល់យោបល់តាមរយៈឃ្យូអរកូដទី១ ខាងក្រោម រួចបំពេញទម្រង់បែបបទអនឡាញនិងភ្ជាប់តារាងផ្ដល់យោបល់ដែលបានបំពេញរួចនិងឯកសារភ្ជាប់ផ្សេងទៀត ប្រសិនបើមាន តាមរយៈឃ្យូអរកូដទី២ខាងក្រោម ឱ្យបានមុនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៥៩នាទីយប់។ ក្រុមការងាររបស់ ក.ប.ទ. នឹងពិនិត្យនិងបូកសរុបមតិយោបល់ទាំងអស់ដើម្បីពិចារណាជ្រើសរើសជាធាតុចូលបន្ថែមសម្រាប់សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner