កិច្ចប្រជុំកំពូលអឺរ៉ុបអាគ្នេយ៍ប្រកាសថ្កោលទោសរុស្ស៊ី
បរទេស ៖ មេដឹកនាំអឺរ៉ុបអាគ្នេយ៍បានប្រកាសថ្កោលទោស ការឈ្លានពានរបស់រុស្ស៊ី នៅឯកិច្ចប្រជុំកំពូល ក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបពិភាក្សា ជាមួយមេដឹកនាំនៃបណ្តាប្រទេស នៅអឺរ៉ុប ភាគអាគ្នេយ៍ នៅទីក្រុង Odesa សម្រាប់កិច្ចប្រជុំកំពូល អ៊ុយក្រែន-អឺរ៉ុប អាគ្នេយ៍ លើកទីបួន នៅប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុងកំពង់ផែ មួយនេះ ត្រូវបានកំណត់គោលដៅ ដោយការវាយប្រហារ របស់រុស្ស៊ី។
មេដឹកនាំទាំងនោះ បានចុះហត្ថលេខា លើសេចក្តីប្រកាសថ្កោលទោស ការឈ្លានពានរបស់ទីក្រុងមូស្គូ រួមទាំង ការអំពាវនាវឱ្យមានសមាជិកភាពណាតូ សម្រាប់អ៊ុយក្រែន និងបរិហារ “ឧក្រិដ្ឋកម្មសង្គ្រាម” ដែលចោទថា ប្រព្រឹត្តដោយរុស្ស៊ី។
សេចក្តីប្រកាសនេះ បានអំពាវនាវឱ្យរុស្ស៊ី ដកទ័ពចេញពីអ៊ុយក្រែន ហើយថ្កោលទោស ការនិរទេសជនស៊ីវិលអ៊ុយក្រែន រាប់ពាន់នាក់ រួមទាំងកុមារ ដែលបង្កឡើងដោយរុស្ស៊ី ផងដែរ។
សេចក្តីប្រកាស បាននិយាយថា «អឺរ៉ុបសេរី សន្តិភាព និងវិបុលភាព គឺមិនអាចទៅរួចទេ បើគ្មានអ៊ុយក្រែន សេរី សន្តិភាព និងវិបុលភាព»។
នៅក្នុងសុន្ទរកថា បើកកិច្ចប្រជុំ លោក Zelensky បានជំរុញឱ្យមានឯកភាព ក្នុងចំណោមមេដឹកនាំ ក្នុងតំបន់មួយនេះ។ លោក Zelensky បានប្រាប់កិច្ចប្រជុំកំពូលថា “គួរឱ្យសោកស្តាយ ដែលតំបន់របស់យើង គឺជាគោលដៅចម្បងមួយ បស់រុស្ស៊ី ដែលជាគោលដៅចម្បង សម្រាប់ការបង្កភាពចលាចល»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត