មូលនិធិមនុស្សធម៌បញ្ចេញវីដេអូប្រជាជនហ្គាហ្សារាប់រយនាក់ សម្រុករត់ដណ្តើមយកអាហារ
មូលនិធិមនុស្សធម៌ Gaza ហៅកាត់ GHF បានបង្ហាញវីដេអូ ប្រជាជនប៉ាឡេស្ទីន រាប់រយនាក់ រត់សម្រុក ទៅដណ្តើមយកអាហារ នៅទីតាំងផ្តល់ជំនួយ។
វីដេអូ ដែលត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ និង ចែករំលែក តាមអ៊ីនធឺណេត បានបង្ហាញពីហ្វូងមនុស្ស រត់ប្រសាច ឡើងលើកូនភ្នំ ជាច្រើន ផ្លោះរបងដែក ប្រញាប់ប្រញាល់ ទៅយកអាហារទទួលទាន នាភាគខាងលិចនៃ តំបន់ Rafah។ ក្នុងវីដេអូ ដែលគេថតបាន កាលពីថ្ងៃអង្គារ បង្ហាញថា ពួកគេបានស្រែកព្រមគ្នា ដោយការស្រេកឃ្លានខ្លាំង ពេលរត់សំដៅ ទៅរកជំនួយ ទាំងនោះ។
វីដេអូនេះ ក៏ត្រូវបានចែករំលែកដោយ លោក Alon Lee-Green ដែលជាសកម្មជនប្រឆាំងសង្រ្គាមអ៊ីស្រាអែល។ លោក អះអាងថា បានទទួលវីដេអូ ពីបុគ្គលិកនៃស្ថាប័នអាមេរិកមួយ នៅហ្គាហ្សា។ នៅក្នុងការបង្ហោះនៅលើ X លោក Green បានពិពណ៌នា កន្លែងកើតហេតុថា «នេះមិនមែនជាខ្សែភាពយន្ត គ្រោះមហន្តរាយទេ ប៉ុន្តែ គឺជានរក ដែលយើងបានបង្កើត នៅហ្គាហ្សា..នេះជាអ្វីដែលមនុស្សស្រេកឃ្លាន មើលទៅដូចជាប្រញាប់ប្រញាល់រកអាហារ ពេលប្រថុយជីវិត»។
គួរបញ្ជាក់ថា មូលនិធិ GHF ដែលផ្តល់ វីដេអូនេះ បានចាប់ផ្តើមដំណើរការ តាំងពីថ្ងៃទី២៦ ខែឧសភា ជាស្ថាប័នដោយឡែក មិនពាក់ព័ន្ធ នឹងអង្គការសហប្រជាជាតិ និងអង្គការផ្សេងទៀតទេ តែ ការងាររបស់មូលនិធិ ដំណើរការ ដោយភាពចម្រូងចម្រាស ជាមួយនឹង អំពើហឹង្សា ដោយមានទាំង ឧប្បត្តិហេតុ សម្លាប់មនុស្ស បានកើតឡើង នៅជិតមជ្ឈមណ្ឌលរបស់ខ្លួន ស្ទើរតែរាល់ថ្ងៃ ដែលបង្កឡើង ទាំងក្រុមប្រដាប់អាវុធហាម៉ាស់ និងទាហានអ៊ីស្រាអែល ក៏ធ្លាប់មាន។
កាលពីថ្ងៃពុធ ក្រុមគ្រូពេទ្យក្នុងតំបន់ បាននិយាយថា ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ទៀត ត្រូវបានសម្លាប់ ឬ រងរបួស ដោយសារតែ ការវាយប្រហារ ពីសំណាក់ទាហានអ៊ីស្រាអែល ខណៈដែលពួកគេព្យាយាមចូលទៅទទួលទានអាហារ នៅមជ្ឈមណ្ឌលចែកចាយ របស់មូលនិធិ GHF ដែលជាក្រុមជំនួយ គាំទ្រដោយអាមេរិក។
ជាមួយគ្នានេះ មន្ត្រី GHF បានអះអាងថា នៅថ្ងៃដដែលនោះ ក្រុមសកម្មប្រយុទ្ធ ប្រដាប់អាវុធ ហាម៉ាស់ បានវាយឆ្មក់ឡានក្រុងដឹកជំនួយអាមេរិក នៅក្នុងតំបន់ហ្គាហ្សា បណ្តាលឲ្យស្លាប់មន្ត្រី យ៉ាងតិច ចំនួន៥នាក់។
គួរបញ្ជាក់ថា នៅហ្គាហ្សា មានមនុស្ស ជាង៥,៥០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីអ៊ីស្រាយ វាយប្រហារសងសឹក នឹងក្រុមហាម៉ាស់ ដែលបានវាយប្រហារទឹកដីអ៊ីស្រាអែល ស្លាប់មនុស្សជាង១,០០០នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក៕


ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត