ហាមឃាត់ចាក់ផ្សាយភាពយន្តថៃនៅលើអនឡាញគ្រប់ទម្រង់ ទាំងតាមទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងតាមផ្កាយរណប

(ភ្នំពេញ)៖ ការចាក់ផ្សាយរឿងភាពយន្តថៃត្រូវបានហាមឃាតនៅលើអនឡាញគ្រប់ទម្រង់ និងស្ថានីយទូរទស្សន៍ថៃ ដែលមានចាក់រឿងភាពយន្តថៃនៅក្នុងបណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ និងតាមផ្កាយរណបក៏ត្រូវបិទផងដែរ។នេះជាការបញ្ជាក់ពីសំណាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ និងសំណេះសំណាលជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជាដើម្បីផ្សព្វផ្សាយពីវិធានការរបស់កម្ពុជាចំពោះមុខនៃការគំរាមកំហែងរបស់ថៃ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បញ្ជាក់ប្រាប់អំពីការដាក់ចុះនូវវិធានការទាក់ទងនឹងវិស័យព័ត៌មាននិងសោតទស្សន៍នៅចំពោះមុខនេះមានដូចជា៖
១-ក្រសួងព័ត៌មាន បានបញ្ជាឱ្យស្ថានីយទូរទស្សន៍ទាំងអស់បញ្ឈប់ការចាក់ផ្សាយរឿងភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍ចាប់ពីម៉ោង ១២ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥
២-ក្រសួងវប្បធម៌និងវិចិត្រសិល្បៈណែនាំឱ្យក្រុមហ៊ុនចែកចាយភាពយន្តនិងរោងភាពយន្តទាំងអស់បញ្ឈប់ការនាំចូលនិងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងៗចាប់ពីម៉ោង១២ ថ្ងៃទី១៣ ខែមិថុនា
៣-សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានណែនាំឱ្យម្ចាស់ស្ថានីយទូរទស្សន៍និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីថ្ងៃទី១៣ ខេមិថុនា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ការបញ្ឈប់ការនាំចូល និងការចាក់បញ្ចាំងភាពយន្តថៃនេះដែរធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជូនយោបល់ទៅកាន់រដ្ឋាភិបាលកម្ពុជា ជម្រុញឱ្យបិទការផ្សាយភាពយន្តថៃ និងការនាំទំនិញរបស់ថៃ មកកាន់កម្ពុជា ដើម្បីជាការឆ្លើយតបការព្រមានរបស់ថៃក្នុងការបិទអ៉ិនធើណែត និងផ្ដាច់អគ្គិសនី មកកម្ពុជានាពេលថ្មីៗមកនេះ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner