កូរ៉េខាងជើងដាក់ដំណើរការនាវាចម្បាំងទម្ងន់ ៥.០០០តោនជាថ្មីដោយជោគជ័យ

ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានប្រកាសជួសជុលនាវាចម្បាំងជាលើកទី២ ដែលបានខូច ហើយបានបញ្ជូនវាចូលទៅក្នុងដែនទឹកដោយជោគជ័យ ក្រោមវត្តមានប្រមុខរដ្ឋលោក Kim Jong Un។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា កូរ៉េខាងជើងបានដាក់ដំណើរការនាវាច្បាំងជាលើកទីពីរ ដែលខ្លួនបានបង្កើតក្នុងឆ្នាំ២០២៥ នៅឯឆ្នេរសមុទ្រភាគខាងកើតប្រទេស កាលពីថ្ងៃព្រហស្បតិ៍។

កាសែត KCNA បានដកស្រង់សម្តីលោក Kim ចេញផ្សាយថា នាវាចម្បាំងចំនួនពីរគ្រឿង នឹងដើរតួនាទីសំខាន់ពង្រឹងសមត្ថភាពប្រតិបត្តិការរបស់កងទ័ពជើងទឹកកូរ៉េខាងជើង។

កន្លងមក លោក Kim បានអះអាងសាជាថ្មីថា ការពង្រឹងសមត្ថភាពកងទ័ពជើងទឹក គឺជាការឆ្លើយតបត្រឹមត្រូវ ចំពោះការគំរាមកំហែងដែលបង្កឡើងដោយអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ី ដែលប៉ុន្មានឆ្នាំចុងក្រោយនេះ បានពង្រីកសមយុទ្ធយោធារួមគ្នា និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្ររារាំងរបស់ពួកគេ ដើម្បីទប់ទល់នឹងមហិច្ឆតានុយក្លេអ៊ែររបស់លោក Kim។

មេដឹកនាំកូរ៉េខាងជើងរូបនេះ បានសង្កត់ធ្ងន់ទៀតថា ប្រទេសរបស់លោកនឹងឆ្លើយតបរាល់ការគំរាមកំហែងពីគូប្រជែង ដោយសកម្មភាពយោធាដ៏ធ្ងន់ធ្ងរបំផុត ហើយថែមទាំងបានប្តេជ្ញាពង្រឹងកងទ័ពជើងទឹក ជាមួយនឹងសមត្ថភាពប្រតិបត្តិការរយៈចម្ងាយឆ្ងាយ។

កាលពីខែមុន នាវាចម្បាំងកូរ៉េខាងជើងបានខូចខាតមិនអាចដាក់ដំណើរការបានសម្រេច បង្កឱ្យមានការខឹងសម្បារពីលោក Kim ដែលបានប្តេជ្ញាថា នឹងពង្រឹងសមត្ថភាពកងទ័ពជើងទឹកកាន់តែខ្លាំងក្លាជាងមុន ទប់ទល់នឹងអ្វីដែលលោកហៅថា ការកើនឡើងការគំរាមកំហែងដឹកនាំដោយអាមេរិកប្រឆាំងនឹងកូរ៉េខាងជើង៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner