ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ៖ ប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា បញ្ចប់ការទិញអ៊ីនធឺណិត ពីប្រទេសថៃ

(ឧត្តរមានជ័យ)៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងថា ក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា នឹងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ។

ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា«កន្លងមកកម្ពុជាបានទិញ ប៉ុន្តែជាការទិញលក់ យើងមិនមែនពឹងផ្អែកទៅលើថៃទេយើងមានភាពម្ចាស់ការរបស់ខ្លួន ហើយម្សិលមិញនេះគឺបង្ហាញពីភាពម្ចាស់ការ របស់ប្រទេសយើងក្រោមការដឹកនាំរបស់ ថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី »។

ការលើកបែបនេះ របស់ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណប្រតិភូក្រសួង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់កងទ័ពដែលស្ថិតនៅកងពលតូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ។

គួរបញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់សម្តេចថា ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា នឹងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានសមត្ថភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។

នៅលើបណ្តាញសង្គមផ្លូវការ ឯកឧត្តមរដ្ឋមន្ត្រីប្រៃសណីយ៍ ក៏បានបញ្ជាក់ដែរថា ខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយសារការគម្រាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner