លោក Trump ត្រៀមតម្លើងពន្ធយានយន្តឆាប់ៗនេះ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហើបឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ឆាប់ៗនេះលោកអាចនឹងដំឡើងពន្ធលើយានយន្តបន្ថែមទៀត ដោយលើកហេតុផលថា ការសម្រេចចិត្តធ្វើបែបនេះ នឹងជួយជំរុញឱ្យក្រុមហ៊ុនផលិតឡានបង្កើនល្បឿនវិនិយោគរបស់សហរដ្ឋអាមេរិក។
លោកប្រធានាធិបតី Trump បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានយ៉ាងដូច្នេះថា ខ្ញុំអាចនឹងដំឡើងពន្ធនោះ នៅពេលអនាគតមិនយូរនោះទេ… ខ្ពស់ជាងពន្ធពីមុន… ដែលវានឹងអាចជួយជំរុញក្រុមហ៊ុនផលិតយានយន្តសាងសង់រោងចក្រនៅសហរដ្ឋអាមេរិក។
លោក Trump បានដកស្រង់សេចក្តីប្រកាសអំពីការវិនិយោគថ្មីៗជាច្រើន រួមទាំងក្រុមហ៊ុន GM ដែលបាននិយាយនៅសប្តាហ៍នេះថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគ ៤ពាន់លានដុល្លារនៅក្នុងរោងចក្រចំនួន៣ របស់សហរដ្ឋអាមេរិក និងផ្លាស់ប្តូរការផលិតឡាន SUV មួយចំនួនចេញពីប្រទេសម៉ិកស៊ិក។
លោក Trump ក៏បានលើកឡើងពីការវិនិយោគចំនួន ២១ពាន់លានដុល្លាររបស់ក្រុមហ៊ុន Hyundai ដែលបានប្រកាសកាលពីខែមីនា រួមមានទាំងរោងចក្រដែកថែបថ្មីរបស់អាមេរិកផងដែរ។
ក្រុមហ៊ុនផលិតឡានជាច្រើនកំពុងប្រឈមមុខនឹងសម្ពាធតម្លៃកើនឡើង ដែលផ្តើមចេញពីការដំឡើងពន្ធរបស់លោកប្រធានាធិបតី Trump។ ហើយប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមហ៊ុន Ford Motor និងក្រុមហ៊ុន Subaru របស់អាមេរិក បានដំឡើងថ្លៃឡានលើម៉ូឌែលមួយចំនួន ដោយសារការចំណាយខ្ពស់ពីពន្ធរបស់លោក Trump។
ជាងនេះទៅទៀត ក្រុមហ៊ុនផលិតឡានជាច្រើនក៏បាននឹងកំពុងដាក់សម្ពាធលើសេតវិមាន ដើម្បីកាត់បន្ថយការដំឡើងពន្ធចំនួន ២៥% ដែលរដ្ឋបាលលោក Trump បានដាក់ក្នុងពេលបច្ចុប្បន្នផងដែរ៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
