ប្រធានាធិបតីអ៊ីរ៉ង់ប្តេជ្ញាធ្វើឲ្យអ៊ីស្រាអែលស្ដាយក្រោយ
តេហេរ៉ង់ ៖ ថ្លែងក្នុងទឹកមុខខឹងសម្បារជាខ្លាំង ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្តេជ្ញាថា នឹងធ្វើឲ្យអ៊ីស្រាអែលស្តាយក្រោយ ចំពោះវិធានការដ៏ល្ងង់ខ្លៅរបស់ខ្លួន ដោយលោកចង់សំដៅលើការវាយប្រហារអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ។
លោក Pezeshkian បានបង្ហោះសារលើបណ្ដាញសង្គម X ថា ការឆ្លើយតបស្របច្បាប់ដ៏ខ្លាំងក្លារបស់អ៊ីរ៉ង់ នឹងធ្វើឲ្យសត្រូវស្ដាយក្រោយ ចំពោះវិធានការដ៏ល្ងង់ខ្លៅរបស់ខ្លួន។
ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ទៀតថា យើងជំរុញឲ្យប្រជាជនរបស់យើងជឿជាក់លើថ្នាក់ដឹកនាំ ហើយផ្ដល់ការគាំទ្រ ពីព្រោះប្រជាជន រួមទាំងមន្ត្រីអ៊ីរ៉ង់ នឹងមិននៅស្ងៀមឡើយ ចំពោះមុខឧក្រិដ្ឋកម្មនេះ។
ប្រតិកម្មធ្ងន់ៗរបស់លោកប្រធានាធិបតី Pezeshkian កើតឡើងក្រោយអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសប្រឆាំងអ៊ីរ៉ង់ នាព្រឹកថ្ងៃសុក្រនេះ ដោយផ្តោតលើទីតាំងនុយក្លេអ៊ែរ និងយោធា ហើយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរមួយចំនួន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


