អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន រង់ចាំផ្ដិតយករូបភាព កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ
(ភ្នំពេញ)៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នាព្រឹកថ្ងៃទី ១៤ខែមិថុនា ឆ្នាំ ២០២៥ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ដែលការជួបប្រជុំគ្នានេះ ក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ ខណៈអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន កំពុងរង់ចាំផ្ដិតយកទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នេះ ។
កម្ពុជា បន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) ។ ប៉ុន្តែកម្ពុជា មិនលើកយករបៀបវារៈអំពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី យកមកពិភាក្សានោះទេ ព្រោះរបៀបវារៈនេះ ត្រូវបានយកទៅតុលាការអន្តរជាតិ (ICJ) រួចរាល់ហើយ ។
ទន្ទឹមនេះ បញ្ហាការបិទព្រំដែន ក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC នេះដែរ ម្យ៉ាងដោយសារការបិទ ឬបើកច្រកព្រំដែន មិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀត គឺ ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃ ដែលបានបិទច្រកព្រំដែនជាឯកតោភាគី កាលពីកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញ ៕
ដោយ ៖ វណ្ណលុក









