ឯកឧត្តម អ៊ុច បូររិទ្ធ ៖ សន្តិភាពត្រូវបានការពារដូចជាអាយុជីវិតរបស់យើង ហើយដែនដីត្រូវបានការពារដូចជាដួងព្រលឹងរបស់យើង
(ព្រះវិហារ)៖ ពាក្យពេចន៍ពីរឃ្លាដ៏ពិសិដ្ឋ និងមានអត្ថន័យដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់សម្តេចតេជោ ដែលត្រូវបានចារទុកក្នុងទឹកចិត្តរបស់អ្នកស្នេហារជាតិគ្រប់ៗរូប ដែលមានខ្លឹមសារថា “សន្តិភាពត្រូវបានការពារដូចជាអាយុជីវិតរបស់យើង ហើយដែនដីត្រូវបានការពារដូចជាដួងព្រលឹងរបស់យើង” ។
ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានរំឭកបែបនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកអំណោយ និង ថវិកាមួយចំនួន ជូនដល់ កងពលតូចអន្តរាគមន៍លេខ៨ និង នៅទីបញ្ជាការដ្ឋាន កងអង្គរក្សការពារព្រំដែនតំបន់មុំបី នៃខេត្តព្រះវិហារ ។
ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ “សន្តិភាព” មិនមែនជាអំណោយនោះទេ តែជាសមិទ្ធផលដែលទទួលបានដោយលំបាក តាមរយៈការបូជាទាំងកម្លាំងកាយ ចិត្ត និងការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ដោយមានការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីជាគុណប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន រហូតមកដល់ពេលបច្ចុប្បន្ន ។ ដូចនេះ “ការការពារសន្តិភាព” ជាកាតព្វកិច្ចដែលបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរួមសាមគ្គីឯកភាជាធ្លុងមួយការពារ ទោះក្នុងតម្លៃណាក៏ដោយ ដោយផ្សាភ្ជាប់នឹង “ការការពារដែនដីដូចជាដួងព្រលឹងរបស់យើង” ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាននៃអត្ថិភាពអត្តសញ្ញាណជាតិសាសន៍ វប្បធម៌ ប្រពៃណី កម្មសិទ្ធិ របស់ជាតិនីមួយៗ ។
កម្ពុជាជាប្រជាជាតិមួយដែលស្រឡាញ់សន្តិភាព ចង់រួមរស់ដោយសន្តិសហវិជ្ជមាន និងពង្រីងកិច្ចសហ-ប្រតិបត្តិការល្អប្រសើរជាមួយបណ្តប្រទេសទាំងអស់ នៅក្នុងពិភពលោក លើមូលដ្ឋាននៃការគោរពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមក។
ជាមួយគ្នានេះ គណៈប្រតិភូព្រឹទ្ធសភា បានបន្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊ើបការណ៍វរសេនាតូចលេខ៣៩២ ខេត្តព្រះវិហារ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៨ឆ្នាំ និងបានផ្តល់ថវិកាជួយឧបត្ថម្ភដល់គ្រួសារសព ផងដែរ ៕
ដោយ / គ្រី សម្បត្តិ











