ប្រតិភូកម្ពុជា និងថៃ ទទួលបន្ទុកកិច្ចការព្រំដែនរៀបចំកិច្ចប្រជុំពិភាក្សាជាមួយគ្នា នៅរាជធានីភ្នំពេញ
(ភ្នំពេញ)៖ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំពិភាក្សាជាមួយគ្នា នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ។ ប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកប្រតិភូថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែនរបស់ប្រទេសថៃ។
កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលរៀបចំឡើងនៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីមានភាពតានតឹងនៅតាមព្រំដែនគោក រវាងប្រទេសកម្ពុជានិងប្រទេសថៃ បន្ទាប់ពីកងទ័ពថៃ បាន លួចឆ្មក់ចូលមកបាញ់លើកងទ័ពកម្ពុជា និងបណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់ស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំ៣ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅមុនកិច្ចប្រជុំ JBC នេះ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា កិច្ចប្រជុំនៃគណៈកម្មការចម្រុះ (JBC) ផ្តោតសំខាន់លើការបង្ហាញជំហររបស់ភាគីថៃ ចំពោះការចូលរួមជាមួយកម្ពុជា ក្នុងការនាំយកបញ្ហានៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឬមួយយ៉ាងណា ៕
ដោយ ៖ វណ្ណលុក