ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ផ្តោតសំខាន់លើគោលបំណង៣ ដើម្បីជំរុញកីឡាវាយសីឆ្ពោះទៅរកសក្តានុពលខ្ពស់
(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងគូសបញ្ជាក់ ក្នុងពិធីបិទ ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នារសៀលថ្ងៃទី១៣ ខែ មិថុនា ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ រៀបចំដោយក្រសួងអប់រំយុវជននិងកីឡា. សហការរៀបចំបច្ចេកទេសដោយសហព័ន្ធកីឡាវាយសីកម្ពុជា បង្កើតឡើងផ្តោតលើគោលបំណងសំខាន់ៗចំនួន៣ធំ ១.លើកកម្ពស់ផ្សព្វផ្សាយកីឡាវាយសីនៅកម្ពុជាឱ្យកាន់តែមានចលនា និងសកម្មភាពផុលផុស បង្កើន ការយល់ដឹងស្មារតីកីឡា និងចំណាប់អារម្មណ៍របស់មហាជនចំពោះកីឡាវាយសី ដើម្បីអភិវឌ្ឍន៍ កីឡាជាតិមួយនេះឱ្យកាន់តែមានសក្តានុពលខ្ពស់ ។
២. បណ្តុះបណ្តាល និងបង្កើនការប្រកួតដើម្បីស្វែងរកឱ្យឃើញទេពកោសល្យថ្មីៗទៀត របស់កីឡាករ កីឡាការនីវ័យក្មេងដែលបង្ហាញពីសមត្ថភាព និងការអភិវឌ្ឍន៍ជំនាញរបស់ពួកគេសម្រាប់បន្តវេន ទៅថ្ងៃអនាគត ។ ៣. ត្រៀមលក្ខណៈសម្បត្តិជាមុនក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាវាយសី ទាំងនៅក្នុងតំបន់ និងឆាកអន្តរជាតិ ។
ឯកឧត្តម ប្រធានសហព័ន្ធក៏បានរំលេចបន្ថែមទៀតថា អ្វីដែលអាចធ្វើឱ្យការប្រកួតទាំងមូលដំណើរការទៅបាន ប្រកបដោយមិត្តភាព សាមគ្គីភាព និងភាពសប្បាយរីករាយ គឺផ្តើមចេញសន្តិភាព ទើបមានកីឡារស់ក្នុងសន្តិភាព បើគ្មានសន្តិភាពយើងទាំងអស់គ្នាប្រហែលជាមិនមានឱកាសបានមកចូលរួម ប្រកួតកីឡាវាយសីដូចថ្ងៃនេះទេ។ ដូចនេះហើយ យើងទាំងអស់គ្នាត្រូវតែចងចាំ និងអរគុណសន្តិភាពជានិច្ច ដឹងគុណស្ថាបនិក មគ្គុទ្ទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និង ឯកភាពជាតិពេញលេញ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ដើម្បីថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សឋិតថេរយូរអង្វែង យើងទាំងអស់គ្នាត្រូវតែសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំជាប់ជានិច្ច ។ ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម ប្រធាន បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់និងចូលរួមអបអរសាទរ និងសង្ឃឹមថាការប្រកួតលើកក្រោយនៅតែរក្សាតំណែង ជ័យលាភីរបស់ខ្លួនបានដដែល ។
ចំពោះអ្នកដែលប្រកួតចាញ់សូមកុំអស់សង្ឃឹមឡើយ ត្រូវយកមេរៀន នៃការប្រកួតចាញ់នេះ ប្រែក្លាយទៅជាកំហឹងឈឺចាប់ ប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងក្លា ដើម្បីបង្កើន សមត្ថភាព និងទេពកោសល្យ ប្រកួតយកជ័យជំនះនៅលើកក្រោយទៀត ។
ជាមួយគ្នានោះដែរ ឯកឧត្តម ក្នុងនាមជាប្រធានសហព័ន្ធកីឡាវាយសី សូមកោតសរសើរចំពោះចៅក្រម អាជ្ញាកណ្តាលទាំងអស់ ដែលខិតខំបំពេញការងាររបស់ខ្លួនបាន សមស្រប ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ កាត់ក្តីបានត្រឹមត្រូវមិនលំអៀង និងសូមអរគុណដល់ កីឡាករ កីឡាការិនីដែលបានចូលរួមប្រកួតប្រកបដោយភាពយុត្តិធម៌ (Fair play) មានអត្តចរិត អាកប្បកិរិយា និងសីលធម៌ល្អ គោរពពិន័យ និងបទបញ្ជានៃការប្រកួតបានត្រឹមត្រូវ ។បន្ថែមលើសនេះ ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុញ្ញាត និងទ្រទ្រង់ថវិកាសម្រាប់រៀបចំការប្រកួតនេះឡើង។ ជាមួយគ្នានេះ សូមអរគុណដល់អ្នក ចូលរួមលើកទឹកចិត្ត គឺជាថាមពលដ៏ខ្លាំងក្លា ដើម្បីជំរុញ និងអភិវឌ្ឍវិស័យកីឡាវាយសីនៅកម្ពុជាឲ្យកាន់តែមានសន្ទុះ ខ្លាំងក្លា និងមានប្រជាប្រិយភាពបន្ថែមទៀត។ ជាពិសេសក្នុងគោលបំណងលើកកម្ពស់វិស័យកីឡា សំដៅបណ្តុះស្មារតី ស្រឡាញ់កីឡា ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យ កីឡាវាយសីក្នុងតំបន់ផងដែរ។
យោងតាមរបាយការណ៍ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានឱ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ប្រភេទកីឡាវាយសី ដែលមានរយៈពេលប្រកួត០៣ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ មានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ចូលរួម ចំនួន ១៤មន្ទីររាជធានី-ខេត្ត សរុប ប្រតិភូកីឡា និងគ្រូបង្វឹក កីឡាករ កីឡាការិនី សរុបមានចំនួន ១៥៤នាក់ ។
ខេត្តដែលទទួលបានចំណាត់ថ្នាក់ឈរនៅចំណាត់លេខ១ ខេត្តកណ្តាល មេដាយមាសចំនួន០៣គ្រឿង លេខ២ .រាជធានីភ្នំពេញ មេដាយមាសចំនួន០១ ប្រាក់ចំនួន០១ គ្រឿង លេខ៣ខេត្តព្រៃវែង មេដាយមាសចំនួន ០១. លេខ៤.ខេត្តបន្ទាយមានជ័យ មេដាយប្រាក់ចំនួន៣គ្រឿង៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ









