កិច្ចប្រជុំ JBC ចាប់ដំណើរការជាផ្លូវការហើយ ដោយភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឡាំ ជា រីឯថៃ ដឹកនាំដោយ លោក ប្រាសាស ប្រាសាសវិនិច្ឆ័យ
(ភ្នំពេញ)៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ បានចាប់ដំណើរការជាផ្លូវការហើយ នាម៉ោង ១១ និង ៤០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ដែលការជួបប្រជុំគ្នានេះ ក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ ។
កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ភាគីកម្ពុជា តំណាងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ខណៈភាគីថៃ គឺ លោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាឱ្យក្រសួងការបរទេសថៃ ទទួលបន្ទុកកិច្ចការព្រំដែន និងជាមន្រ្តីការទូតជើងចាស់ ដែលមានបទពិសោធន៍យ៉ាងក្រាស់ក្រែលជាមួយនឹងការងារព្រំដែន ហើយជាពិសេសនោះ គឺលោកនេះហើយ ដែលមានប្រវត្តិការងារប្រកបដោយភាពជូរចត់ជាមួយកម្ពុជា ។
មុនដំណើរការកិច្ចប្រជុំផ្លូវការ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ បានជួបប្រជុំចង្អៀតមួយ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។
ការបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នេះ បានធ្វើឡើងបន្ទាប់ជម្លោះព្រំដែនគោករវាងប្រទេសទាំងពីរ បានផ្ទុះឡើងនៅតំបន់មុំ៣ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈដែលទាហានថៃ បានលួចឆ្មក់មកបាញ់ប្រហារបណ្តាឱ្យកងទ័ពកម្ពុជាម្នាក់បានពលី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ។ យោធិនរូបនោះមានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
មុនកិច្ចប្រជុំ១ថ្ងៃ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាពីរ ដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC នេះទេក្នុងនោះរួមមាន៖ របៀបវារៈអំពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី មិនយកមកពិភាក្សានោះទេ ព្រោះរបៀបវារៈនេះ ត្រូវបានយកទៅតុលាការអន្តរជាតិ (ICJ) រួចរាល់ហើយ ។ ទី២ បញ្ហាការបិទព្រំដែន ក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC នេះដែរ ម្យ៉ាងដោយសារការបិទ ឬបើកច្រកព្រំដែន មិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀត គឺ ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃ ដែលបានបិទច្រកព្រំដែនជាឯកតោភាគី កាលពីកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញ ។
សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះ កម្ពុជា ក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរនោះទេ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតោភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច ៕
ដោយ ៖ វណ្ណលុក



















