ព្យុះទីហ្វុង Wutip បង្កទឹកជំនន់ធ្ងន់ធ្ងរនៅវៀតណាម

ហាណូយ ៖ ព្យុះទីហ្វុង Wutip បានពាំនាំភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ធ្ងន់ធ្ងរជន់លិចភាគកណ្តាលប្រទេសវៀតណាម នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិ ទទួលបន្ទុកបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិកាលពីថ្ងៃសុក្រ។

ទឹកជំនន់បង្កឡើងពីព្យុះទីហ្វុង Wutip បានជន់លិចផ្ទះសម្បែងប្រជាជនជាង ៨០០ខ្នងនៅក្នុងទីក្រុង Da Nang និងខេត្ត Quang Nam ខណៈដែលផ្ទៃដីស្រែចំការ និងដំណាំជាង ៥៨.០០០ហិកតានៅទូទាំងតំបន់ត្រូវលិចទឹក។

រីឯទីក្រុង Hue ក៏បានរងការជន់លិចធ្ងន់ធ្ងរផងដែរ ដោយផ្លូវជាច្រើនខ្សែនៅទីតាំងប្រវត្តិសាស្ត្រ Imperial បានលិចនៅក្រោមទឹកកម្ពស់ជាងកន្លះម៉ែត្រ។

បើតាមរបាយការណ៍ ទូកនេសាទចំនួន៦គ្រឿងត្រូវបានគេរាយការណ៍ថា បានលិច ឬខូចខាតនៅក្នុងខេត្ត Quang Binh និងទីក្រុង Da Nang ។

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងថា ប្រជាជនរាប់ពាន់គ្រួសារនៅតំបន់ភ្នំនៃខេត្ត Quang Tri ត្រូវបានជម្លៀសចេញពីតំបន់ដែលងាយប្រឈមមុខនឹងហេតុការណ៍បាក់ដី។

ចំណែកជើងហោះហើរប្រហែល ២០ជើងទៅមកពីតំបន់ភាគកណ្តាលប្រទេសវៀតណាម ត្រូវបានពន្យារពេល ឬលុបចោលតែម្តង ដោយសារឥទ្ធិពលព្យុះទីហ្វុងទីមួយនៃឆ្នាំនេះ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner