ប្រធានសហព័ន្ធកីឡាវ៉ូវីណាម ៖ អះអាងថា នឹងយកធនធានចេញពីសិស្សមធ្យម ៤ទៅ៥នាក់ ទៅច្របាច់បញ្ចូលជាមួយរៀមច្បង
(ភ្នំពេញ)៖ ឆ្លងកាត់ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ រយៈពេល ២ថ្ងៃ ចាប់ពី ថ្ងៃទី១៣-១៤ ខែមិថុនា នៅអគារសហភាពសហព័ន្ធយុវនកម្ពុជា។ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានអះថា សម្លឹងឃើញនូវធនធានសិស្សឆ្នើមពី៤ទៅ៥នាក់ ក្រោយបង្ហាញភាពលេចធ្លោទាំងទេពកោសល្យនិងបច្ចេកទេស។

ឯកឧត្តម ប្រធានសហព័ន្ធថា ធនធានសិស្សទាំងប៉ុន្មាននាក់នេះ អាចច្របាច់បញ្ចូលជាមួយរាមច្បង ក្នុងការលេងវិញ្ញាសារួម ឬឯកត្ដជន ដែលជាវិញ្ញាសាប្រយុទ្ធ។ខណៈវិញ្ញាសាសម្តែងវិញ ក៏មានកីឡាករខ្លះ និងកីឡាការិនី ២-៣នាក់ទៀត ដែលមានសក្ដានុពលល្អ។
ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមប្រតិភូកីឡាគ្រប់រាជធានី-ខេត្ត និងការខិតខំរៀបចំបានយ៉ាងល្អរបស់គណៈកម្មការ ក៏ដូចជាការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល-ចៅក្រម ដែលផ្ដល់នូវតម្លាភាព និងយុត្តិធម៌ដល់កីឡាករ-កីឡាការិនី ។

នេះគឺជាលទ្ធផលដ៏គាប់ប្រសើរ ស្របពេលសហព័ន្ធបានមើលឃើញអត្តពលិកថ្នាលខ្លះ មានសមត្ថភាពអាចឈានដល់កម្រិតការប្រកួតជាលក្ខណៈអន្ដរជាតិទៀតផង។ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណក្រសួងអប់រំ ដែលបានដាក់កីឡាវ៉ូវីណាម ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សា ហើយសង្ឃឹមថាឆ្នាំបន្ដបន្ទាប់ ក្រសួងនឹងបញ្ចូលប្រភេទកីឡាដ៏មានសក្ដានុពលនេះ ទៅក្នុងកីឡាបឋមសិក្សា ឬកីឡាឧត្តមសិក្សាបន្ថែមទៀត ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីតាមបណ្ដាក្លិប និងរាជធានី-ខេត្ត ដែលកំពុងហ្វឹកហាត់ក្រោមការខិតខំយកចិត្តទុកដាក់របស់សហព័ន្ធ បានបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក៏ដូចជាជំរុញទឹកចិត្តពួកគេឲ្យកាន់តែខិតខំហ្វឹកហាត់ ក្រោយទំនេរពីការសិក្សា ចៀងវាងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗផងដែរ។

យោងតាមរបាយការណ៍ ឯកឧត្តម លី ចាន់សុភក្ដី អគ្គលេខាធិការរងសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ៧២នាក់ មកពី ៨រាជធានី-ខេត្តចូលរួម ។ ជាលទ្ធផលរាជធានីភ្នំពេញ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៥គ្រឿង (មាស ២ និងប្រាក់ ៣) គ្រាដែលខេត្តស្វាយរៀង ឈរលេខ២ ឈ្នះមេដាយសរុប ៥គ្រឿង (មាស ២ ប្រាក់ ១ និងសំរឹទ្ធ ២) និងខេត្តត្បូងឃ្មុំ ឈរលេខ៣ ឈ្នះមេដាយសរុប ៣គ្រឿង (មាស ២ និងសំរឹទ្ធ ១)៕
រូបភាព ៖ មឿង គឹមរ៉ុង
អត្ថបទ ៖ ជាវ ចន្ធូ
