ទីភ្នាក់ងារ AFP ៖ ថៃនិយាយថា ការចរចាជម្លោះព្រំដែនជាមួយកម្ពុជាមានភាពរីកចម្រើន

ភ្នំពេញ ៖ ភាគីថៃបាននិយាយនៅថ្ងៃសៅរ៍នេះថា កិច្ចពិភាក្សាជាមួយប្រទេសជិតខាងកម្ពុជា « មានការរីកចម្រើន » ក្នុងការដោះស្រាយជម្លោះ ព្រំដែនដ៏រ៉ាំរ៉ៃ ដែលកាលពីខែមុន បានបណ្តាលឲ្យមានការប៉ះទង្គិចគ្នា នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងការបរទេសថៃ នៅថ្ងៃសៅរ៍នេះ បាននិយាយថា កិច្ចប្រជុំរវាងភាគីថៃ និងកម្ពុជា បានធ្វើឱ្យមានវឌ្ឍនភាព ក្នុងការកសាងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា កិច្ចសន្ទនាការទូតនៅតែជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដោយបន្ថែមថា កិច្ចពិភាក្សានឹងប្រព្រឹត្តទៅបន្តទៀតនៅថ្ងៃអាទិត្យស្អែកនេះ។

សូមបញ្ជាក់ថា នៅវេលាម៉ោងជិត៤រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ ថ្ងៃដំបូងត្រូវបានបិទបញ្ចប់បណ្ដោះអាសន្ន ដោយភាគីទាំងពីរកម្ពុជា-ថៃ នឹងបន្ដកិច្ចប្រជុំនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ស្អែក។

កិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេសទទួលបន្ទុកកិច្ចការព្រំដែន។

មុនដំណើរការកិច្ចប្រជុំនេះ ភាគីកម្ពុជា-ថៃ បានរៀបចំកិច្ចប្រជុំចង្អៀតមួយផងដែរ ហើយកិច្ចប្រជុំចង្អៀតនោះ មានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់។ យ៉ាងណាមិញ លទ្ធផលនៃកិច្ចប្រជុំចង្អៀតនោះ មិនទាន់ត្រូវបានភាគីទាំង២នាក់បញ្ជាក់ឲ្យដឹងនៅឡើយទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner