សេចក្តីថ្លែងការណ៍រួមរបស់សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អំពីការគាំទ្រលើសេចក្តីអំពាវនាវរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ

ភ្នំពេញ (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥)៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសមាគមទាំងពីរ «ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន» ។

ការអំពាវនាវនេះ បានបង្ហាញឱ្យឃើញពីជម្រៅទឹកចិត្ត និងកាយវិការដ៏ល្អប្រពៃក្នុងភាពជាអ្នកដឹកនាំគំរូរបស់សម្តេចដែលតែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ ផ្តល់ភាពកក់ក្តៅ និងគិតគូរអំពីជីវភាពរស់នៅរបស់បងប្អូនខ្មែរយើងនៅគ្រប់ទិសទីក្នុងគ្រប់កាលៈទេសៈ។ គ្រឹះស្ថានសមាជិកនៃសមាគមទាំងពីរនឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ តាមរយៈការរៀបចំឥណទានឡើងវិញ ដែលជាយន្តការរបស់សមាគម បាននិងកំពុងបន្តអនុវត្ត។ ក្នុងករណីមានតម្រូវការជាក់ស្ដែងក្នុងការរៀបចំឥណទានឡើងវិញ ក៏ដូចជាសំណើសុំផ្ដល់ការគាំទ្រផ្សេងៗ សមាគមស្នើសុំបងប្អូនប្រជាពលករទាំងអស់ដែលជាអតិថិជន ទាក់ទងផ្ទាល់ ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ ឯកសារឥណទាន បណ្ណ/សៀវភៅការងារ និងលិខិតពាក់ព័ន្ធនានា ដើម្បីពិភាក្សារិះរកដំណោះស្រាយដ៏សមរម្យ។

សមាគមទាំងពីរ នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីធានាថាគ្រឹះស្ថានហិរញ្ញវត្ថុនៅតែចូលរួមយ៉ាងពេញលេញនិងទូលំទូលាយក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាជន ទៅតាមលទ្ធភាពជាក់ស្តែង និងការដឹកនាំចង្អុលបង្ហាញរបស់ធនាគារជាតិ នៃកម្ពុជា និងរាជរដ្ឋាភិបាល។

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner