កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ថ្ងៃនេះទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ។

គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។

ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ÷ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។

កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។

សូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner