នាយករដ្ឋមន្ត្រីថៃ បញ្ជាក់ថា មិនបណ្ដេញ «ពលករបរទេស» ចេញពីប្រទេសថៃទេ
(ភ្នំពេញ)៖ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេស៊ប៊ុកផ្ទាល់ខ្លួន ថា ប្រទេសថៃបើកទូលាយ និងស្វាគមន៍ ពលករបរទេសគ្រប់ជាតិសាសន៍ដែលចូលទៅធ្វើការនៅក្នុងប្រទេសថៃដោយស្របច្បាប់ដើម្បីធ្វើការស្របតាមសិទ្ធិរបស់ពួកគេ ហើយតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស។
នាយករដ្ឋមន្រ្តីរូបនេះបានអះអាងថា រដ្ឋាភិបាលថៃ មិនដែលមានគំនិត បណ្តេញពលករបរទេសពីប្រទេសណាចេញពីប្រទេសនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានប្រទេសណាដែលចេញវិធានការហៅកម្មករត្រឡប់មកស្រុកវិញ និងផ្តល់ការងារធ្វើនោះ វាជាសិទ្ធិ និងសេរីភាពសម្រាប់កម្មករនៅក្នុងប្រទេសនីមួយៗក្នុងការសម្រេចចិត្ត ហើយវាស្ថិតនៅក្រោមការទទួលខុសត្រូវរបស់រដ្ឋាភិបាលរបស់ប្រទេសនោះ ។
លោកស្រី ផៃថងថាន ស៊ីណាវ៉ាត់ បានលើកឡើងថា”ខ្ញុំសន្យាថានឹងមិនធ្វើឱ្យទំនាក់ទំនងអន្តរជាតិក្លាយជាបញ្ហានយោបាយទេ ហើយខ្ញុំសូមទាមទារថា រាល់វិធានការអន្តរជាតិដែលកើតឡើងត្រូវតែផ្តល់អាទិភាពដល់ផលប្រយោជន៍ប្រទេស និងប្រជាជនជាងផលប្រយោជន៍នយោបាយរបស់ប្រទេសខ្លួន ដោយមិនមានឥទ្ធិពលវិជ្ជមានលើស្ថានភាពនោះទេ”។
គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ នាយករដ្ឋមន្ត្រីថៃនេះធ្វើឡើងស្របពេលដែលកម្ពុជាបានហៅឱ្យពលករកម្ពុជាត្រឡប់មកធ្វើការក្នុងប្រទេសវិញ បន្ទាប់ពីមានជម្លោះព្រំដែនជាមួយប្រទេសថៃយ៉ាងក្តៅគគុករួចមក ។ ការហៅពលករត្រឡប់មកប្រទេសវិញនេះដែរបន្ទាប់ពីអ្នកជាតិនិយមថៃ និងយោធាថៃតែងធ្វើ ទុក្ខបុកម្នេញពលករកម្ពុជា ហើយតំបន់ខ្លះថែមទាំងប្រមាថពលករកម្ពុជាថែមទៀត។
សូមរំលឹកថា មុននេះអ្នកជំនាញថៃមួយចំនួនបានលើកឡើងពីតម្រូវការចាំបាច់ពីពលករបរទេសធ្វើការនៅប្រទេសថៃ ដែលក្នុងនោះមានពលករកម្ពុជា ដែលជាកម្លាំងដ៏សំខាន់សម្រាប់ទ្រទ្រង់វិស័យសំណង់ វិស័យកាត់ដេរ និងសហគ្រាសនៅប្រទេសថៃ។ការហៅត្រឡប់ពលករខ្មែរវាគឺជាផ្នែកមួយធ្វើឱ្យវិស័យទាំងនេះនឹងជួបវិបត្តិនៅប្រទេសថៃ ៕
ដោយ ៖ ម៉ាដេប៉ូ