ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ TVET សាងក្តីសង្ឃឹមដល់យុវជន ដែលស្រឡាញ់ជំនាញវិជ្ជាជីវៈ

(ភ្នំពេញ)៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET បានសាងក្តីសង្ឃឹមដល់យុវជន ដែលស្រឡាញ់ជំនាញវិជ្ជាជីវៈ និង យុវជន ដែលមិនធ្លាប់ទទួលបានការសិក្សាពីមុនសោះ ឬបានបោះបង់ការសិក្សានៅកម្រិតទាប ឬមិនមានឱកាសចូលរៀនថ្នាក់ឧត្តមសិក្សា ឱ្យទទួលបាននូវការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងការចុះកម្មសិក្សា ហាត់ការ និងឱកាសការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា។ ជាក់ស្តែង បើគិត ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (២០២០-២០២៤) និងគិតត្រឹមតែសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ១ (CI) មានសិស្សានុសិស្សបានបញ្ចប់ការសិក្សាសរុបប្រមាណ ៥ម៉ឺន៨ពាន់នាក់។ ជាពិសេស គិតត្រឹមខែឧសភា ឆ្នាំ២០២៥ មានសិស្សានុសិស្សសរុបចំនួនប្រមាណ ៣ម៉ឺន៥ពាន់នាក់ កំពុងសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (CI) នៅតាមបណ្តាលគ្រឹះស្ថាន TVET នានាទូទាំងប្រទេស។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បន្ថែមថា ការផ្តល់នូវឱកាសសិក្សាជំនាញ ការបង្កើតក្តីសង្ឃឹម និងការពង្រីកវិសាលភាព TVET ដោយធានានូវទីផ្សារការងារជូនយុវជនកម្ពុជាក្នុងពេលតែមួយនេះ បានកើតចេញពីការប្តេជ្ញាចិត្ត និងការគិតគូរគ្រប់ជ្រុងជ្រោយរបស់ សម្តេចធិបតី ក្នុងនាមជា អ្នកដឹកនាំបន្តវេនរបស់កម្ពុជា ដែលដំណើរវិវត្តវិជ្ជមាន។ ជាងនេះទៅទៀត ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ក្នុងការប្រែក្លាយកម្លាំងពលកម្មកម្ពុជា ជាអ្នកជំនាញ ជាអ្នកបច្ចេកទេស និងជាមូលធនមនុស្ស ដែលគាំទ្រដល់ការកាត់បន្ថយនិកម្មភាព ភាពក្រីក្រ និងការធ្វើ ទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែក លើជំនាញ លើកកម្ពស់កម្រិតជីវភាពប្រជាជនឱ្យកាន់តែប្រសើរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង បេកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយជំរុញលើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបាន យល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកប ដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តម រដ្ឋមន្ត្រីបន្ថែមថា ទិវាជាតិនេះ ក៏មានការបង្ហាញនូវ ស្នាដៃស្រាវជ្រាវ គំនិតច្នៃប្រឌិតរបស់សាធារណជនដែលអាចប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងវិស័យសំណង់ និងការចែករំលែកបទពិសោធន៍ការអភិវឌ្ឍន៍ជំនាញ និង កម្មវិធី ASEAN Year of Skills 2025 របស់ប្រទេសម៉ាឡេស៊ី និងគ្រឹះស្ថាន TVET មកពី ប្រទេសចិនផងដែរ។

គួរបញ្ចាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា មានបេសកកម្ម ស្នូលក្នុងការរួមគ្នាសម្រេចឱ្យបាននូវអាទិភាពគន្លឹះទី១ “មនុស្ស” និងបញ្ចកោណទី១ “ការអភិវឌ្ឍ មូលធនមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលធ្វើឱ្យធនធានមនុស្សនៅកម្ពុជា ក្លាយជាកម្លាំងពលកម្មសកម្មគ្រប់កម្រិត និងចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចគ្រប់ៗគ្នាសម្រាប់ជំរុញ ពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ ក្រសួងទាំងពីរក៏បាននិង កំពុងតែ រៀបចំគន្លងអប់រំកម្ពុជាថ្មីដែលរួមមានគន្លងវិទ្យាសាស្ត្រពិត គន្លងវិទ្យាសាស្ត្រសង្គម និង គន្លងវិជ្ជាជីវៈ ដែលនឹងអនុញ្ញាតឱ្យសិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី៩ អាចជ្រើសរើសគន្លង អប់រំបច្ចេកទេសនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឬគ្រឹះស្ថានឧត្តមសិក្សាដែលមាន ថ្នាក់មធ្យមសិក្សាបច្ចេកទេស៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner