លោក Putin ថ្កោលទោសអ៊ីស្រាអែល ពេលនិយាយជាមួយលោក Trump

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅពេលនិយាយទូរស័ព្ទជាមួយមេដឹកនាំអាមេរិក លោក Donald Trump កាលពីថ្ងៃសៅរ៍ បានថ្កោលទោសប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ និងសម្តែងការព្រួយបារម្ភពីហានិភ័យកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា។

ជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov បានប្រាប់អ្នកកាសែតថា លោក Putin បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះលទ្ធភាពនៃការកើនឡើងជម្លោះ ដែលបង្កផលវិបាកពុំអាចព្យាករបាន សម្រាប់ស្ថានភាពទាំងមូលនៅទូទាំងតំបន់មជ្ឈិមបូព៌ា។

លោកប្រធានាធិបតី Trump បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា លោក Putin មានអារម្មណ៍ដូចខ្ញុំដែរថា សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នេះ គួរតែបញ្ចប់ និងថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ក៏គួរតែបញ្ចប់ដែរ។

លោក Trump និយាយថា លោក និងលោក Putin ភាគច្រើនពិភាក្សាអំពីបញ្ហានៅមជ្ឈិមបូព៌ា ហើយបានចំណាយពេលតិចជាងមុន និយាយអំពីសង្រ្គាមអ៊ុយក្រែន។

បើតាមលោក Ushakov លោក Putin បានប្រាប់មេដឹកនាំអាមេរិកថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តការចរចាជាមួយអ៊ុយក្រែន នៅក្រោយថ្ងៃទី២២ ខែមិថុនា។

កាលពីថ្ងៃសៅរ៍ គឺជាថ្ងៃខួបកំណើតគម្រប់ ៧៩ឆ្នាំរបស់លោក Trump ហើយលោក Putin ក៏បានជូនពរថ្ងៃខួបកំណើតដល់លោក Trump ក្នុងកំលុងការសន្ទនាតាមទូរស័ព្ទនោះផងដែរ៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner