លោក Netanyahu គំរាមធ្ងន់ៗថា អ៊ីស្រាអែលនឹងផ្តួលរលំរបបដឹកនាំអ៊ីរ៉ង់
ហ្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានគំរាមកាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែលនឹងវាយលុកគ្រប់គោលដៅទូទាំងប្រទេសអ៊ីរ៉ង់ ដើម្បីផ្តួលរលំរបបដឹកនាំនៃមេដឹកនាំកំពូល Ayatolla ពិសេសកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយ នៅថ្ងៃទីពីរនៃយុទ្ធនាការផ្លូវអាកាសរបស់អ៊ីស្រាអែល ដែលផ្តោតលើទីតាំងយោធា និងនុយក្លេអ៊ែរអ៊ីរ៉ង់ថា យើងនឹងវាយប្រហារគ្រប់ទីតាំង និងគ្រប់គោលដៅទាំងអស់ នៃរបបដឹកនាំលោក Ayatolla។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានសង្កត់ធ្ងន់ថា យើងបានដោះស្រាយការវាយប្រហារយ៉ាងពិតប្រាកដ ចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ចាប់តាំងពីថ្ងៃសុក្រមក។
អ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានបញ្ចេញយន្តហោះចម្បាំងប្រមាណ ២០០គ្រឿងវាយប្រហារលើទីតាំងជាង ១០០កន្លែងទូទាំងប្រទេសអ៊ីរ៉ង់ រួមមានទាំងរោងចក្រនុយក្លេអ៊ែរ រោងចក្រមីស៊ីលបាលិស្ទីគ ប្រព័ន្ធរ៉ាដា និងប្រព័ន្ធបាញ់មីស៊ីលជាដើម។ ក្នុងនោះមេបញ្ជាការយោធាកំពូលៗ និងអ្នកវិទ្យាសាស្ត្រជាច្រើននាក់របស់ប្រទេសអ៊ីរ៉ង់ ត្រូវសម្លាប់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា