ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ បានឯកភាពលើរបៀបវារៈចំនួន៤

(ភ្នំពេញ)៖ គណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លើកទី៦ ដែលបានរៀបចំឡើងនៅថ្ងៃទី១៤ និង១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តពិភាក្សា និងជំរុញ ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ។

បើយោងតាមសេចក្តិប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនឱ្យដឹងនៅរសៀលថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៥នេះថាមុនកិច្ចប្រជុំពេញអង្គ JBC គឺមាន កិច្ចប្រជុំចង្អៀតរវាងភាគីកម្ពុជា-ថៃ ដោយភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ។ បន្ទាប់ពីកិច្ចប្រជុំចង្អៀត ភាគីទាំងពីរ បានបន្តពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដោយបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ ដូចខាងក្រោម៖ ទី១. ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
ទី២. ពិនិត្យ និងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទី អ័រតូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃ TOR)
ទី៣. ពិភាក្សា និងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែង នៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់) ទី៤. ពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំ លើកទី៤ និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ២០០៩)។

នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា បានជម្រាប សមភាគីថៃថាដើម្បីជាប្រយោជន៍ធានាបាននូវដំណោះស្រាយលើបញ្ហាព្រំដែនប្រកបដោយយុត្តិធម៌ មិនលម្អៀង និងជា ដំដោះស្រាយសម្រាប់ប្រទេសទាំងពីរ ភាគីកម្ពុជាបានស្នើភាគីថៃចូលរួមជាមួយ ភាគីកម្ពុជាក្នុងការនាំយកវិវាទព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងបានបញ្ជាក់សាជាថ្មីអំពីជំហររបស់កម្ពុជា ក្នុងការចាប់ផ្តើមដំណើរការនីតិវិធី ច្បាប់ដោយឯករាជ្យម្ចាស់ការ ទោះបីជាភាគីថៃបដិសេធសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដោយ។ លើសពីនេះទៀត ភាគីកម្ពុជាអះអាងបន្ថែមនៅចំពោះមុខភាគីថៃថា ចាប់ពីពេលនេះតទៅតំបន់ ទាំងបួននេះ លែងជាប្រធានបទ ឬកម្មវត្ថុនៃការពិភាក្សា និងដោះស្រាយនៅក្នុងក្របខណ្ឌគណៈកម្មការចម្រុះ ព្រំដែន (JBC) កម្ពុជា-ថៃ ទៀតហើយ។

ជាមួយគ្នានេះ ឯកឧត្តម ឡាំ ជា បានបញ្ជាក់ថា ក្រៅពីតំបន់ទាំងបួនដែលស្ថិតក្នុងបណ្ដឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ភាគីកម្ពុជានៅតែប្រកាន់ជំហរនិងសុច្ឆន្ទៈក្នុងការបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន ដោយប្រើប្រាស់យន្តការគណៈកម្មការចម្រុះ ព្រំដែន (JBC) កម្ពុជា-ថៃ។

ឯកឧត្តម ឡាំ ជា ក៏បានបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រកាន់យក នូវសន្តិភាពនិយម និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមាន ចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ ផែនទីមាត្រដ្ឋាន១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញា បារាំង-សៀមឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន។ ក្នុងន័យនេះ ភាគីកម្ពុជា បានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសជាឯកតោភាគីហើយយកមក ប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ន និងទៅអនាគត។

គួរបញ្ជាក់ថា ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ដែរថាក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព យោគយល់គ្នា ក្នុងស្មារតីពិភាក្សាគ្នាបើកចំហទៅវិញទៅមក និងប្រកបដោយភាពវិជ្ជមាន។ កិច្ចប្រជុំនេះ បានបញ្ចប់ការពិភាក្សាទាំងស្រុងលើរបៀបវារៈដែលបានឯកភាពគ្នា និងបានចុះហត្ថលេខាលើកំណត់ហេតុ ជាផ្លូវការ នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ភាគីទាំងពីរឯកភាពគ្នាគ្រោងជួបប្រជុំគ្នាសាជាថ្មី នៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner