ក្រសួងបរិស្ថានចូលរួមពិព័រណ៍ TVET ដើម្បីផ្សព្វផ្សាយការងារបរិស្ថាន និងចក្ខុវិស័យកម្ពុជាស្អាត និងបៃតង រាជធានីភ្នំពេញ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចូលរួមដាក់តាំងបង្ហាញសមិទ្ធផលការងារយ៉ាងផុសផុលក្នុង ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ និងសាងក្តីសង្ឃឹមដល់យុវជន»។ ព្រឹត្តិការណ៍នេះរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនជាច្រើន។

ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះបរិស្ថាន ក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យបរិស្ថាន។ នេះឆ្លុះបញ្ចាំងតាមរយៈ បញ្ចកោណទី៤ – ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន នៃ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨។

ក្រសួងបរិស្ថានក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដឹកនាំរៀបចំ ក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលជាស្នាដៃដ៏មានតម្លៃសម្រាប់វិស័យនេះ។

បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងបានដាក់ចេញ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨។ យុទ្ធសាស្ត្រនេះមានគោលបំណងចង្អុលបង្ហាញការងារអាទិភាពដើម្បីធានាចីរភាពបរិស្ថាន និងសុក្រិតកម្មបរិស្ថានកិច្ច សំដៅសម្រេចបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺ កម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ស្នាដៃ និងសមិទ្ធផលជាច្រើនរបស់ក្រសួងបរិស្ថានក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ត្រូវបានដាក់តាំងបង្ហាញក្នុងស្តង់ពិព័រណ៍។ ដោយមានការសហការរៀបចំពីអគ្គនាយកដ្ឋានជំនាញចំណុះក្រសួងបរិស្ថាន ស្តង់នេះបានដាក់បង្ហាញនូវ សម្ភារៈ ឧបករណ៍បច្ចេកទេស សៀវភៅ ឯកសារ លិខិតបទដ្ឋានគតិយុត្តិ ផលិតផលសហគមន៍មូលដ្ឋាន និងសកម្មភាពជាច្រើនទៀត។ គោលបំណងសំខាន់គឺដើម្បីផ្សព្វផ្សាយ យុទ្ធសាស្ត្រនៃភាពស្អាត ភាពបៃតង និងចីរភាព ដល់សិស្ស និស្សិត និងសាធារណជនទាំងអស់ឱ្យស្វែងយល់កាន់តែទូលំទូលាយ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner